កុំព្យូទ័ររាប់លានគ្រឿងត្រូវរកឃើញថាដំណើរការកំណែចាស់ៗនៃកម្មវិធី Software ដែលពេញនិយមប្រើប្រាស់ខ្លាំងបំផុត

នេះគឺជាឆ្នាំ 2019 ហើយ ក៏ប៉ុន្តែកុំព្យូទ័ររាប់លានគ្រឿងនៅតែដំណើរការកម្មវិធីចាស់ៗហួសសម័យ ឬប្រព័ន្ធប្រតិបត្តិការដែលហួសសម័យដែលធ្វើឱ្យពួកគេងាយរងគ្រោះនឹងការគំរាមកំហែងនៅលើអ៊ីនធឺណិត និងភាពងាយរងគ្រោះទៅលើប្រព័ន្ធសុវត្ថិភាពជាច្រើនថែមទៀត។

ក្រុមហ៊ុនសន្តិសុខ Avast ចេញផ្សាយនូវរបាយការណ៍មួយ PC Trends 2019 របស់ខ្លួន ដែលបង្ហាញថា អ្នកប្រើប្រាស់រាប់លាននាក់អាចទទួលនូវភាពងាយរងគ្រោះតាមរយៈការវាយប្រហារតាមអ៊ីនធឺណិតដោយសារតែការរក្សានូវកំណែចាស់ៗនៃកម្មវិធីពេញនិយមបំផុតនៅលើកុំព្យូទ័ររបស់ពួកគេ។

យោងតាមរបាយការណ៍បង្ហាញថា កម្មវិធី Adobe Shockwave ស្ថិតនៅក្នុងកំពូលតារាងនៃកម្មវិធីដែលអ្នកប្រើប្រាស់ភាគច្រើនមិនធ្វើការអាប់ដេតនៅលើកុំព្យូទ័ររបស់ពួកគេនោះទេ ហើយកម្មវិធីបន្ទាប់គឺ VLC Media Player, Skype, Java Runtime Environment , 7-Zip File Manager និង Foxit Reader។

កម្មវិធី Software ដែលហួសសម័យទាំងនេះជារឿយៗផ្តល់នូវលទ្ធភាពបើកចំហរមួយសម្រាប់ពួកហេគឃ័រ និងក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត ដើម្បីទាញយកប្រយោជន៍ពីកំហុសសន្តិសុខ និងចន្លោះប្រហោងនៅក្នុងកម្មវិធីទាំងនេះ ដែលធ្វើឱ្យក្លាយជាគោលដៅសក្តានុពលនៃការវាយប្រហារតាមអ៊ីនធឺណិត។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនត្រឹមតែកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រព័ន្ធប្រតិបត្តិការដែលហួសសម័យផងដែរ។ ស្ទើរតែ 15% នៃកុំព្យូទ័រដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 7 ទាំងអស់ និង 9% នៃកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំងអស់កំពុងដំណើរការកំណែចាស់ៗនៃប្រព័ន្ធប្រតិបត្តិការនេះ។

ដើម្បីយល់ពីហានិភ័យនេះ ការគំរាមកំហែងរបស់មេរោគ WannaCry ដែលឆ្លងទៅលើបណ្តាញ Networks ជាច្រើន ដែលភាគច្រើនប្រើប្រព័ន្ធប្រតិបត្តិការដែលហួសសម័យដូចជា Windows XP ដែល Microsoft លែងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសទៀតហើយនោះ។

WannaCry ទាញយកប្រយោជន៍ចេញពីចន្លោះប្រហោងសុវត្ថិភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការដែលត្រូវបានជួសជុលជាច្រើនខែរួចទៅហើយ មុនពេលដែលវាទទួលរងការវាយប្រហារ​នៅទូទាំងពិភពលោក។

លោក Avnd Ondrej Vlcek អគ្គនាយករបស់ក្រុមហ៊ុន Avast និយាយថា “មនុស្សយើងភាគច្រើនធ្វើការផ្លាស់ប្តូរស្មាតហ្វូនរបស់យើងជាប្រចាំ ប៉ុន្តែយើងមិនអាចនិយាយដូចគ្នាចំពោះកុំព្យូទ័ររបស់យើងបានទេ។ ជាមួយនឹងអាយុកាលមធ្យមនៃកុំព្យូទ័រដែលឈានដល់អាយុ 6 ឆ្នាំនេះ យើងត្រូវធ្វើរឿងជាច្រើនទៀតដើម្បីធានាថាឧបករណ៍របស់យើងមិនស្ថិតនៅក្នុងហានិភ័យ។”

“ជាមួយនឹងការថែទាំត្រឹមត្រូវ ដូចជាការសម្អាតផ្នែកខាងក្នុងនៃ Hardware របស់យើងដោយប្រើឧបករណ៍សម្អាត ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពទៅលើផលិតផលជាច្រើន កុំព្យូទ័រជាច្រើននឹងមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ការប្រើប្រាស់រយៈពេលយូរ។”

សូមធ្វើបច្ចុប្បន្នភាព និង​ Patch ទៅលើប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីកុំព្យូទ័ររបស់អ្នកដើម្បីការពារអ្នកពីការវាយប្រហារតាមអ៊ីនធឺណិត និងបង្ការអ្នកវាយប្រហារមិនឱ្យទាញយកផលប្រយោជន៍ពីម៉ាស៊ីនដែលងាយរងគ្រោះរបស់អ្នកដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យសំខាន់របស់អ្នក៕

Exit mobile version