រយះទទឹង (latitude) និងរយះបណ្តាយ (longitude) គឺជាមុំទាំងឡាយដែលកំនត់ចំនុចខុសៗគ្នានៅលើស្វ៊ែរមួយ។ តំលៃទាំងពីរនេះបង្កើតបានជាកូអរដោនេមួយដែលអាចកំនត់ចំណាំទីតាំងភូមិសាស្រ្តទាំងឡាយនៅលើផ្ទៃនៃបណ្តាភពទាំងឡាយដូចជាផែនដីដើម។
1. រយះទទឹង (latitude)
រយះទទឹងនៃចំនុចមួយនៅលើផែនដីគឺជាមុំមួយដែលត្រូវបានវាស់ដោយធៀបទៅនឹងប្លង់គោលមួយដែលកាត់តាមខ្សែអេក្វាទ័រ (equator)។ ខ្សែអេក្វាទ័រគឺជាខ្សែដែលប្លង់របស់វាកាត់តាមផ្ចិតផែនដី ហើយបែងចែកពាក់កណ្តាលម្នាក់រវាងប៉ូលខាងជើងនិងប៉ូលខាងត្បូង។ ទីតាំងទាំងឡាយនៅលើប្លង់នៃខ្សែអេក្វាទ័រត្រូវបានចាត់ទុកថាមានរយះទទឹង 0 ដឺក្រេ(0 degree latitude)។ មុំនៃរយះទទឺងមានតំលៃរហូតដល់ +90 ដឺក្រេ (រឺ 90 ដឺក្រេខាងជើង North) ដែលឋិតនៅឯប៉ូលខាងជើង, ហើយចុះដល់ -90 ដឺក្រេ (រឺ 90 ដឺក្រេខាងត្បូង South) ដែលឋិតនៅឯប៉ូលខាងត្បូង។
ទីតាំងរឺចំនុចទាំងឡាយដែលឋិតនៅលើខ្សែស្របរួមណាមួយ parallel (ជាខ្សែស្របនឹងខ្សែអេក្វាទ័រ) នឹងមានរយះទទឹងដូចៗគ្នា។
2. រយះបណ្តាយ (longitude)
រយះបណ្តាយនៃចំនុចមួយនៅលើផែនដីគឺជាមុំមួយដែលត្រូវបានវាស់ដោយធៀបទៅនឹងខ្សែបណ្តោយទីមួយ prime meridian រឺខ្សែបណ្តោយហ្គ្រីនវិច Greenwich meridian (ដោយសារខ្សែបណ្តោយនេះរត់កាត់តំបន់ Greenwich នៃប្រទេសអង់គ្លេស) ដែលរត់កាត់រវាងប៉ូលខាងជើងនិងប៉ូលខាងត្បូង គឺជាខ្សែដែលប្លង់របស់វាកាត់តាមផ្ចិតផែនដីដោយបែងចែកផែនដីជាពាក់កណ្តាលម្នាក់រវាងខាងលិចនិងខាងកើត។ ទីតាំងនៅលើប្លង់នៃខ្សែបណ្តោយ first meridian នេះ ត្រូវបានចាត់ទុកថាមានរយះបណ្តោយស្មើ ០ ដឺក្រ (0 degree longitude)។ មុំនៃរយះបណ្តាយអាចមានតំលៃរហូតដល់ +180 ដឺក្រេ (រឺ 180 ដឺក្រេខាងកើត East), និងចុះដល់ -180 ដឺក្រេ (រឺ 180 ដឺក្រេខាងលិច West)។ ខ្សែបណ្តោយ (meridian) ដែលមានរយះបណ្តាយ +180 និងខ្សែបណ្តោយដែលមានរយះបណ្តោយ -180 ដឺក្រេ ទាំងពីរនេះត្រួតស៊ីគ្នាហើយឈមគ្នាជាមួយនឹងខ្សែបណ្តោយទីមួយ (prime meridian) ដែលគេហៅថាខ្សែបណ្តោយទី 180។
ទីតាំងរឺចំនុចទាំងឡាយដែលឋិតនៅលើខ្សែបណ្តោយរឺខ្សែវណ្ឌ meridian រួមណាមួយនឹងមានរយះបណ្តោយដូចៗគ្នា។
3. ទីតាំងនៃផ្កាយរណបនៅលើគន្លង GEO
ដោយសារគន្លង GEO ឋិតនៅលើពីលើខ្សែអេក្វាទ័រដោយផ្ទាល់ (ត្រូវគ្នានឹងរយះទទឹងសូន្យដឺក្រេ) ដូច្នេះហើយទីតាំងនៃផ្កាយរណបដែលឋិតនៅលើគន្លង GEO ត្រូវបានគិតតែចំពោះរយះបណ្តោយ (longitude) ខាងលិច រឺខាងកើត តែប៉ុណ្ណោះ (ឧទាហរណ៍ផ្កាយរណបឋិតនៅលើទីតាំង128.5 ដឺក្រេនៃរយះបណ្តាយខាងកើតជាដើម )៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ