សន្តិសុខព័ត៌មាន: សុបិន្តអាក្រក់របស់និស្សិតផ្នែកព័ត៌មានវិទ្យា

កាលពីពេលថ្មីៗនេះ ខ្ញុំបាទត្រូវបានអញ្ជើញឲ្យទៅធ្វើជាវាគ្មិននៅចំពោះមុខនិស្សិតសាកលវិទ្យាល័យប្រមាណជា ៧០នាក់ ដែលមានជំនាញផ្នែកវិស្វករព័ត៌មានវិទ្យា។ ដំបូងខ្ញុំមានការគិតថា តើខ្ញុំត្រូវជ្រើសរើសយកនូវប្រធានបទអ្វីទៅ (ដោយសារតែខ្ញុំធ្លាប់តែនិយាយអំពីហានិភ័យ ការគ្រប់គ្រង និងការរីកចម្រើនផ្នែកសន្តិសុខព័ត៌មាន ដែលខ្ញុំគិតថាមិនសាកសមឡើយចំពោះនិស្សិតដែលកំពុងសិក្សា) ? បន្ទាប់ពីគិតអស់រយៈពេល ៣ថ្ងៃ ខ្ញុំក៏នឹកដល់កិច្ចការងារដែលលំបាក ដែលនិស្សិតផ្នែកព័ត៌មានវិទ្យា (IT) ជួបប្រទះនៅក្នុងដំណើរការសិក្សានៅក្នុងសាកលវិទ្យាល័យក្នុងន័យសន្តិសុខព័ត៌មាន ។ ខ្ញុំក៏បានជ្រើសរើសដាក់ប្រធានបទថា “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់របស់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ។

បញ្ហាប្រឈមដ៏ធំបំផុតមួយនៃនិស្សិតផ្នែកព័ត៌មានវិទ្យាទាំងនោះ គឺកង្វៈខាតនៃមុខវិជ្ជាសន្តិសុខព័ត៌មាននៅក្នុងកម្មវិធីសិក្សា (បរិញ្ញាប័ត្រ)។ សាកលវិទ្យាល័យភាគច្រើននៅកម្ពុជា ដែលខ្ញុំអាចនិយាយបានថាមានប្រមាណជា ៩០ភាគរយ មិនបានបញ្ចូលមុខវិជ្ជាផ្នែកសន្តិសុខព័ត៌មាននៅក្នុងកម្មវិធីសិក្សានោះឡើយ លើកលែងតែមុខវិជ្ជាមួយប៉ុណ្ណោះគឺ Network Security ដែលបង្រៀនដល់និស្សិតអំពីការប្រើប្រាស់ឧបករណ៍បណ្តាញ ជាជាងបង្រៀនអំពីវិធីសាស្ត្រក្នុងការឃ្លាំមើល និងស្រាវជ្រាវនូវសញ្ញានៃការវាយប្រហារ ។

និសិ្សតទាំងអស់មិនបានយល់ដឹងអំពី វិធីសាស្ត្រដែលត្រូវសរសេរកូដរបស់គាត់ប្រកបដោយសន្តិសុខ, វិធីសាស្ត្រក្នុងការអភិវឌ្ឍវេបសាយឲ្យសមស្របទៅតាមស្តង់ដារ និងសន្តិសុខ (OWASP), វិធីសាស្ត្រក្នុងការតាមដានរកការវាយប្រហារនៅក្នុង Log Files, វិធីសាស្ត្រនៃការធ្វើកោសលវិច័យបណ្តាញ, យល់ដឹងអំពីការគំរាមគំហែងតាមប្រព័ន្ធអិុនធឺណិត, ការឆ្លើយតបបញ្ហា, ហានិភ័យ, ។ល។ និង ។ល។

វាគឺជាការប្រឈមមួយដ៏ស្រួចស្រាវសម្រាប់ធនធានមនុស្សផ្នែកសន្តិសុខព័ត៌មាននៅកម្ពុជា នៅក្នុងន័យផ្គត់ផ្គង់ទៅកាន់តម្រូវការទីផ្សារ ក៏ដូចជាការការពារនូវមជ្ឈដ្ឋាន អិុនធឺណិតនៅកម្ពុជា។

ការងារនេះ ជាផ្លូវមួយដ៏វែងឆ្ងាយដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះ (ការសិក្សាអប់រំ) ដើម្បីជម្រុញាឲ្យមានការជឿជាក់ថា ការវាយប្រហារតាមប្រព័ន្ធអិុនធឺណិតគឺជាការពិត នឹងកើនឡើងជារៀងរាល់ថ្ងៃយ៉ាងរហស័ទាំងក្នុងស្រុក និងសាកលលោក។ ព្រះរាជាណាចក្រកម្ពុជាត្រូវការដាក់ចេញនូវយុទ្ធសាស្ត្រផ្នែកសន្តិសុខព័ត៌មាន ដើម្បីតាមឲ្យទាន់នូវបរិបទប្រកួតប្រជែងបច្ចុប្បន្ន និងសមាហរកម្មសេដ្ឋកិច្ចសាកល។

ជាចុងក្រោយ ខ្ញុំបានដាក់ចេញនូវអនុសាសន៍ ៣ចំនុច ដែល (១) ត្រូវបង្កើនសកម្មភាពបញ្ច្រៀបការយល់ដឹងអំពីសន្តិសុខព័ត៌មានឲ្យបានច្រើនជាងមុន ក្នុងខណៈពេលដែលសាកលវិទ្យាល័យមិនមាន (http://www.secudemy.com) ។ (២) បង្កើតយន្តការចែករំលែកព័ត៌មាន ឲ្យកាន់តែទូលំទូលាយដើម្បីផ្តល់នូវព័ត៌មានអំពីការវាយប្រហារ ផលប៉ៈពាល់ និងយន្តការឆ្លើយតប (https://www.facebook.com/OuPhannarith)។ (៣) ចុងក្រោយគឺ ពង្រឹងសមត្ថភាពធនធានមនុស្ស (http://secudemy.com/cambodia-cyber-challenge-2015/) លើវិស័យសន្តិសុខព័ត៌មាន ជាពិេសសអំពីបច្ចេកទេស Know-How ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងដូចម្តេច? សូមបញ្ចេញមតិនៅខាងក្រោម!

សម្រាប់អត្ថបទជាភាសាអង់គ្លេស សូមចូលទៅកាន់ ​LinkedIn

ភ្នំពេញ ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦
អ៊ូ ផាន់ណារិទ្ធ
ស្ថាបនិកវេបសាយ SecuDemy.com

Exit mobile version