គុណសម្បត្តិ និងហានិភ័យ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

មនុស្សបានឆ្លងកាត់បួនដំណាក់កាលរហូតមកដល់សម័យបច្ចុប្បន្ន ដែលជាសម័យបច្ចេកវិទ្យា។ នៅសម័យដើម ការរស់នៅរបស់មនុស្សគឺពឹងផ្អែកទាំងស្រុងលើធម្មជាតិ និងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់នៅជុំវិញខ្លួន ដើម្បីជាមធ្យោបាយចិញ្ចឹមជីវិត។ ឆ្លងកាត់ពីដំណាក់កាលមួយរហូតមកដល់សហសម័យ (សម័យបច្ចុប្បន្ន) មនុស្សលែងពឹងផ្អែកទាំងស្រុងលើធម្មជាតិ ផ្ទុយទៅវិញពួកគេរក និងប្រើប្រាស់មធ្យោបាយដើម្បីគ្រប់គ្រងធម្មជាតិ។ បច្ចេកវិទ្យាគឺជាផ្នែកមួយដែលជួយជំរុញមនុស្សឲ្យក្លាយជាម្ចាស់នៃធម្មជាតិ បំពេញតម្រូវការ និងដើម្បីចិញ្ចឹមជីវិត។ យ៉ាងណាម៉ិញ មិនថាតែប្រជាជនជុំវិញពិភពលោកប៉ុណ្ណោះទេ ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ក៏កំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដូចជាការប្រើប្រាស់ទូរស័ព្ទវ័យឆ្លាត ឧបករណ៍តាមដានទីតាំង ឧបករណ៍តាមដានសុខភាព ទូរទស្សន៍វ័យឆ្លាត ប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យជំនួញ កម្មវិធីកំសាន្ត កម្មវិធីតាមដានព័ត៌មាន ប្រព័ន្ធនៃបណ្តាញសង្គម ជាដើម។

១. និន្នាការនៃឧបករណ៍បច្ចេកវិទ្យា

ដើម្បីធ្វើឲ្យកាន់តែសម្បូរបែប កម្មវិធី ឬឧបករណ៍ទាំងនោះទាមទាការតភ្ជាប់ទៅកាន់អ៊ីនធើណេត ដើម្បីទទួលបានការគ្របគ្រង​ ការប្រើប្រាស់ និងការឆ្លើយតបនៃទិន្នន័យពីចម្ងាយ (Internet of Things)។ ឧបករណ៍ទាំងឡាយដែលយើងកំពុងតែប្រើប្រាស់ គឺពុំមានទិន្នន័យគ្រប់គ្រាន់ និងទាន់សម័យ ដូចនេះវាត្រូវការតភ្ចាប់ទៅកាន់អ្នកផ្គត់ផ្គង់ ជាឧទាហរណ៍៖ ទូរទស្សន៍វ័យឆ្លាតអាចអនុញ្ញាញឲ្យយើងទស្សនាខ្សែភាពយន្តថ្មីៗ តាមបណ្តាញអ៊ីនធើណេត, ឧបករណ៍ផ្ទុកទិន្នន័យតូច តម្រូវឲ្យយើងផ្ទុកនៅលើ Cloud Storage (រូបថត វីដេអូ លេខទំនាក់ទំនង ។ល។) ដោយសារភាពសម្បូរបែបរបស់វា បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងតភ្ជាប់ទៅកាន់ពិភពលោកគ្មានដែនកំណត់។

២. ហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

យើងឃើញថាប្រព័ន្ធបច្ចេកវិទ្យាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ហើយពួកគេពិតជាមិនអាចរស់នៅដោយខ្វះប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ទន្ទឹមនឹងគុណសម្បត្តិទាំងនោះ បច្ចេកវិទ្យាក៏បានផ្តល់នូវហានិភ័យជាច្រើនដល់អ្នកប្រើប្រាស់ដែលមិនបានសិក្សា ឬយល់អំពីវា។ នៅពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជនក៏បានផ្តល់ការយកចិត្តទុកដាក់លើប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ ដើម្បីជាមធ្យោបាយប្រព្រឹត្តបទល្មើសក្នុងយុគ្គសម័យអ៊ីនធើណេត ដែលលទ្ធភាពជោគជ័យមានកម្រិតខ្ពស់ និងមានហានិភ័យទាបជាងបទល្មើសធម្មតា (physical crime)។ ឧក្រិដ្ឋជនបានសិក្សាពីចំនុចខ្វះខាតនៃប្រព័ន្ធបច្ចេកវិទ្យា ចន្លោះប្រហោងសន្តិសុខនៃកម្មវិធី ឬអ្នកប្រើប្រាស់ ដែលពុំមានការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដើម្បីលួចយកទិន្នន័យហិរញ្ញវត្ថុ ព័ត៌មានបុគ្គល ឈ្លបយកការណ៍ ឬប្រើប្រាស់ជនរងគ្រោះដើម្បីវាយប្រហារជនទីបី ដោយមិនដឹងខ្លួន។ អ្នកប្រើប្រាស់ទាំងឡាយត្រូវដឹងថា នៅពេលដែលអ្នកបានភ្ជាប់ខ្លួនទៅកាន់ពិភពអ៊ីនធើណិត អ្នកត្រូវតែត្រៀមខ្លួនការពារពីឧក្រិដ្ឋជនបច្ចេកវិទ្យា បើពុំដូច្នេះទេ អ្នកនឹងក្លាយជាជនរងគ្រោះ គ្រាន់តែពេលខ្លះយើងជាជនរងគ្រោះមិនដឹងខ្លួនតែប៉ុណ្ណោះ។ ជាឧទារហណ៍ ខ្ញុំសូមធ្វើការបង្ហាញគេហទំព័រចំនួន០៣ ដែលជាប្រព័ន្ធស្វែងរក និងផ្ទុកទិន្នន័យដ៏ធំ ស្តីពីព័ត៌មានឧបករណ៍ទាំងឡាយដែលភ្ជាប់ទៅកាន់អ៊ីនធើណេត ក្នុងនោះមាន ទូរស័ព្ទវ័យឆ្លាត, ទូរទស្សន៍, នាឡិកា, កាមេរ៉ាសុវត្ថិភាព, Router, Firewall, កុំព្យូទ័រ … ដែលក្នុងនោះគឺ 1/ https://www.shodan.io 2/  https://www.censys.io និង 3/ https://thingful.net ។

៣. គន្លឹះខ្លះៗដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការប្រើប្រាស់បច្ចេកវិទ្យា

– យល់ដឹងពីឧបករណ៍ ឬកម្មវិធីដែលយើងកំពុងតែប្រើប្រាស់ (តួរនាទី និងគោលបំណងនៃការប្រើប្រាស់)

– កំណត់ជម្រើសសុវត្ថិភាព និងឯកជនភាព (security setting and privacy options)

– ជ្រើសរើសលេខសំងាត់ដែលពិបាកៗ និងប្រើប្រាស់វាដោយប្រុងប្រយ័ត្ន

– ប្រសិនបើមានប្រតិបត្តិការណ៍បញ្ជូនទិន្នន័យសំខាន់ៗ ត្រូវប្រាកដថាកម្មវិធីនោះ កំពុងប្រើ SSL ដែលអាចចំណាំបានតាមរយៈ https នៅលើ browser​ ប៉ុន្តែពិបាកបន្តិចចំពោះកម្មវិធីទូរស័ព្ទដៃ។ អ្នកត្រូវសួរទៅកាន់អ្នកផ្គត់ផ្គង់ ឬអ្នកបង្កើតកម្មវិធីនេះ ថាតើពួកគេបានធ្វើកូដនីយកម្មនៃការបញ្ជូនទិន្នន័យដែរឬទេ។

– មិនត្រូវចុចលើតំណរភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់

– បញ្ចូលកម្មវិធីការពារមេរោគទាំងលើកុំព្យូទ័រ និងទូរស័ព្ទដៃ

– រាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើអ្នកក្លាយជាជនរងគ្រោះ។

About the Author: Mr. Ly Vandy
គាត់គឺជាបុគ្គលម្នាក់ដែលស្រលាញ់ចូលចិត្តផ្នែកសន្តិសុខអិុនធឺណិត (Cyber Security) ដោយធ្វើការស្រាវជ្រាវ និងចែករំលែក ។ នៅក្នុងជំនាញនេះ គាត់បានទទួលវិញ្ញាបនប័ត្រមួយចំនួនមកពីចិន, កូរេ៉, ថៃ, ម៉ាឡេសីុ និងសឹង្ហបុរី ។ បច្ចុប្បន្ននេះ គាត់ក៏ជាទឹប្រឹក្សាជាន់ខ្ពស់ (senior consultant) ផ្នែកសន្តិសុខអិុនធឺណិតសម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលជាហេតុធ្វើឲ្យគាត់មានលទ្ធភាពធ្វើការជាមួយនឹងអ្នកជំនាញការសន្តិសុខ IT ទាំងក្នុងនិងក្រៅប្រទេស៕
Exit mobile version