យោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីម្សិលមិញនេះ ក្រុមហ៊ុនអ៊ីនស្តាក្រាមបានប្រកាសថា ក្រុមហ៊ុនកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់នូវមុខងារដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងគណនីរបស់ពួកគេ។ “យើងដឹងថា នេះគឺជាមុខងារដែលអ្នកប្រើប្រាស់ទទូចចង់បាន ហើយនេះជាលើកទីមួយហើយដែល ពួកគេអាចពិនិត្យមើលទិន្នន័យដែលត្រូវបានលុប ហើយអាចដាក់ឱ្យប្រើទិន្នន័យឡើងវិញ (Restore) បានទៀតផង” នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។
គ្រប់ទិន្នន័យទាំងអស់មានដូចជា រូបភាព វីដេអូ និង Stories ដែលត្រូវបានលុបនិងដាក់បញ្ចូលទៅក្នុងកន្លែងមួយដែលគេហៅថា ‘Recently Deleted’។ មុខងារនេះគឺវាស្រដៀងនឹងមុខងារដែលមាននៅក្នុងទូរសព្ទ iPhone ដែលលោកអ្នកខ្លះកំពុងតែប្រើប្រាស់នោះ។ ទិន្នន័យទាំងអស់នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០ថ្ងៃ លើកលែងតែ Stories ដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីអ្នកប្រើប្រាស់បានលុបវាចោល។
ដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីជនខិលខូចដែលតែងតែព្យាយាមលួចចូលទៅក្នុងគណនីហើយលុបទិន្នន័យចោលនោះ ក្រុមហ៊ុននឹងទាមទារឱ្យមានការបញ្ជាក់អត្តសញ្ញាណតាមរយៈការផ្ញើសារ ឬអុីមែល មុននឹងពួកគេអាចលុបចោលទិន្នន័យទាំងនោះ ឬដាក់ឱ្យប្រើទិន្នន័យឡើងវិញ ទៀតផង។ នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើមុខងារនេះ លោកអ្នកអាចចូលទៅមើលទិន្នន័យដែលត្រូវបានលុបចោលនោះ ដោយចូលទៅក្នុង Settings > Account > Recently Deleted របស់កម្មវិធីអ៊ីនស្តាក្រាម៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280