តើអ្នកគួរតែចាប់ផ្តើមអាជីពការងារខាងផ្នែកសន្តិសុខព័ត៌មានយ៉ាងដូចម្តេច?

ខ្ញុំចូលចិត្តបង្រៀន។ វាគឺផ្នែកមួយដែលជម្រុញឲ្យខ្ញុំបង្កើតវេបសាយនេះឡើង ដើម្បីជាការចូលរួមចំណែកលើកកំពស់ការយល់ដឹងដល់សាធារណៈជនទូទៅ បន្ថែមពីលើនិស្សិតប្រមាណច្រើនជាង ១០០០ នាក់ដែលខ្ញុំបានបង្រៀនកន្លងមកនេះ។

មានសំនួរមួយដែលនិស្សិតនិយមសួរគឺថា “ខ្ញុំបានចាប់ផ្តើមស្វែងរកព័ត៌មានទាក់ទងទៅនឹងអាជីពក្នុងវិស័យសន្តិសុខព័ត៌មាន ដោយមិនមានបទពិសោធន៍សោះឡើយ។ បើសិនជាអាច តើលោកគ្រូអាចផ្តល់នូវផែនទីផ្លូវនៃវគ្គសិក្សា/ហ្វឹកហ្វឺន ក៏ដូចជាឳកាសការងារដំបូង (entry level), សិក្ខាសាលា, ។ល។ ខ្ញុំកំពុងតែស្វែងរកនូវផែនទីបង្ហាញផ្លូវក្នុងរង្វង់ ១ឆ្នាំ ដើម្បីឈានជើងចូលទៅកាន់អាជីពការងារក្នុងវិស័យសន្តិសុខព័ត៌មាន។”

ចំលើយរបស់ខ្ញុំគឺ មិនមានផ្លូវណាមួយជាក់លាក់ឡើយ ។

អាជីពការងារជោគជ័យនៅក្នុងវិស័យសន្តិសុខព័ត៌មានទាមទារឲ្យមានចំណេះដឹងមូលដ្ឋានព័ត៌មានវិទ្យាខ្លាំង។ បើសិនជាមិនមាននោះទេ អ្នកគួរតែចំណាយពេលវេលាសិក្សាអំពីថាតើ IT ធ្វើការយ៉ាងដូចម្តេចនៅក្នុងសហគ្រាស ហើយវាជួយដល់ភាពជោគជ័យរបស់អាជីវកម្មយ៉ាងណា?។ បន្ទាប់មក អ្នកត្រូវធ្វើការកំណត់ឲ្យបានច្បាស់ អ្វីដែលអ្នកចូលចិត្តអំពីសន្តិសុខព័ត៌មាន។ មនុស្សជាច្រើនចាប់ផ្តើមអាជីពការងារនៅក្នុងឧស្សាហកម្មមួយនេះ ពីព្រោះតែវាទទួលបានប្រាក់ខែច្រើន ប៉ុន្តែក្រោយមកទើបដឹងច្បាស់ថា ខ្លួនមិនចូលចិត្តវាទេ ពីព្រោះការងារនេះគឺពិបាក។ ការផ្តោតទៅលើជំនាញណាមួយនៃសន្តិសុខព័ត៌មានដែលអ្នកចូលចិត្តធ្វើបំផុត គឺជាចំនុចសំខាន់សម្រាប់ភាពជោគជ័យក្នុងរយៈពេលវែង។

អ្នកគួរតែដឹងខ្លួនអ្នកផងដែរថា ថាតើអ្នកមានបំណងដឹកនាំខាងកម្មវិធីសន្តិសុខព័ត៌មាន, ដឹកនាំផ្នែកណាមួយនៅក្នុងកម្មវិធីទាំងមូល, ឬក៏គ្រាន់តែធ្វើការជាលក្ខណៈឯកជន។ កម្រិតនៃភាពដឹកនាំផ្សេងគ្នាទាមទារឲ្យមានបទពិសោធន៍ និងសមត្ថភាពខុសៗគ្នា។ ចំឡើយនឹងសំណួរនេះ នឹងជួយអ្នកក្នុងការកំណត់នូវការហ្វឹកហ្វឺន (មិនមែនបច្ចេកទេស) បន្ថែមទៀតដែលអ្នកអាចត្រូវការ (ឧ. វគ្គហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគម្រោង បើសិនជាចង់ក្លាយជាអ្នកដឹកនាំ) ។

ចុងក្រោយមក អ្នកដែលចង់ក្លាយខ្លួនអាចអ្នកជំនាញខាងសន្តិសុខព័ត៌មាន ត្រូវតែសិក្សាយល់ដឹងនូវគំនិតមួយចំនួនដូចខាងក្រោមដើម្បីគាំទ្រដល់ភាពជោគជ័យនៃ អាជីពការងារ ៖
– តើអាជីវកម្មប្រភេទណាដែលអ្នកកំពុងតែធ្វើការជាមួយ?
– ក្នុងន័យប្រតិបត្តិការអាជីវកម្ម (business processes) តើអាជីវកម្មនេះដំណើរការរបៀបណា?
– តើមានការគំរាមគំហែង ហានិភ័យ ឬក៏ព្រឹត្តិការណ៍អ្វីខ្លះ ដែលអាចរំខានដល់ប្រតិបត្តិការដែលគាំទ្រដល់អាជីវកម្ម?
– តើអ្នកដាក់យុទ្ធសាស្ត្រ ឬគ្រប់គ្រងយ៉ាងដូចម្តេច ដើម្បីកម្រិតនូវផលប៉ៈពាល់ដែលបណ្តាលមកពីការគំរាមគំហែង ហានិភ័យ ឬព្រឹត្តិការណ៍ទាំងនោះ?

ដើម្បីយល់ដឹងនូវចំនុចនិមួយៗទាមទារឲ្យមាននូវបទពិសោធន៍ នៅក្នុងតួនាទីខុសៗគ្នា និងអង្គភាពផ្សេងៗគ្នា។ នៅក្នុងសន្តិសុខព័ត៌មាន គោលដៅគឺការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធិភាព មិនមែន compliance នោះទេ។ ការយល់ដឹងអំពីអ្វីៗទាំងឡាយធ្វើការជាមួយគ្នា គឺត្រូវចំណាយពេលវេលា ប៉ុន្តែវាគឺ មានតម្លៃណាស់ដល់កិច្ចប្រឹងប្រែងសម្រាប់ភាពជោគជ័យក្នុងរយៈពេលវែង។

យោបល់ចុងក្រោយ

– ស្វែងរកឳកាសធ្វើការងារជាអ្នកហាត់ការ (intern) ហើយទាញយកបទពិសោធន៍នៅពេលដែលអ្នកកំពុងនៅក្នុងការសិក្សា

– សូមគិតថាធ្វើការដើម្បីទទួលបានបទពិសោធន៍ មិនមែនដើម្បីប្រាក់ចំណូលនោះទេ នៅពេលដែលអ្នកចាប់ផ្តើមអាជីពការងារដំបូង។ រាល់ឳកាសនិមួយសម្រាប់សិក្សារៀនសូត្រ គឺជាឳកាសមួយដ៏ល្អបំផុត

– ជ្រើសរើសយកវិញ្ញាបនប័ត្រអន្តរជាតិណាមួយ, កម្មវិធីសិក្សា និងព័ត៌មានដែលមានទាំងឡាយ ដែលជួយអ្នកក្នុងការរៀនអ្វីៗទាំងអស់។

– ស្វែងរកនូវអ្នកណែនាំដ៏ល្អ។ អ្នកគួរតែធ្វើការជាមួយនឹងអ្នកដែលមានបទពិសោធន៍ខាងផ្នែកព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មាន។ អ្នកក៏គួរតែធ្វើការជាមួយនឹងអ្នក ដែលមានបទពិសោធន៍ខាងផ្នែកអាជីវកម្មផងដែរ ដោយសារតែគាត់អាចផ្តល់ការណែនាំមិនមែនបច្ចេកទេស។

តើអ្នកគិតយ៉ាងដូចម្តេចដែរ?

Exit mobile version