ក្រុមហ៊ុនបច្ចេកវិទ្យា Google រងការពិន័យទឹកប្រាក់ចំនួន 57 លានដុល្លារអាមេរិកសម្រាប់ការរំលោភបំពានលើការការពារទិន្នន័យ

នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយ គណៈប្រតិភូការពារទិន្នន័យរបស់ប្រទេសបារាំងសម្រេចពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Google នូវទឹកប្រាក់ចំនួន 50 លានអឺរ៉ូ (ប្រហែលជា 57 លានដុល្លារអាមេរិក) ចំពោះការរំលោភលើច្បាប់ការពារទិន្នន័យទូទៅរបស់អឺរ៉ុប (GDPR) ។ ការផាកពិន័យដាក់ទោសទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សគឺដោយសារតែក្រុមហ៊ុននេះមិនផ្តល់ព័ត៌មានដល់អ្នកប្រើ ឬការទទួលបានការយល់ព្រមត្រឹមត្រូវនៅពេលប្រមូលទិន្នន័យដើម្បីកំណត់ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន។

ការពិន័យនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Google អស់រយៈពេលជិត 8 ខែ។ វាចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនតស៊ូមតិ NOYB ដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន Google ជាមួយនឹងនិយតករការពារទិន្នន័យនៅក្នុងប្រទេសអូទ្រីស, បែលហ្ស៊ិក, អាឡឺម៉ង់ និងប្រទេសបារាំងកាលពីខែឧសភា ដែលមិនយូរប៉ុន្មានបន្ទាប់ពីច្បាប់ GDPR ចូលជាធរមាន។ និយ័តករបារាំងក៏ទទួលពាក្យបណ្តឹងដូចគ្នាពីក្រុមអ្នកតស៊ូមតិផ្នែកឌីជីថលឌីជីថលបារាំង La Quadrature du Net (LQDN) ផងដែរ។

និយតករបារាំង គណៈកម្មាធិការជាតិទទួលបន្ទុកព័ត៌មានវិទ្យា និងសេរីភាព (CNIL) ប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនយល់ស្របនឹងពាក្យបណ្តឹងដោយបានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Google ផ្សព្វផ្សាយព័ត៌មានសិទ្ធិឯកជនភាពទៅកាន់កន្លែងជាច្រើនក្នុងដំណើរការនៃការបង្កើតគណនី Google ។

ហេតុអ្វីប្រទេសបារាំងនាំមុខទៅលើរឿងនេះ?

ជាធម្មតាអ្នកស៊ើបអង្កេតនាំមុខគឺជាអាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសដែលក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅអឺរ៉ុប។ ក្នុងករណីនេះ CNIL និយាយថាវានាំមុខទៅលើរឿងនេះ ព្រោះអាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសអៀរឡង់ដែល Google មានទីស្នាក់ការកណ្តាលនៅអ៊ឺរ៉ុបមិនបានពិចារណាថាខ្លួនមានយុត្តាធិការលើដំណើរការបង្កើតគណនីរបស់ Google នោះទេ។

ការពិន័យទឹកប្រាក់ខ្ពស់បែបនេះដោយសារតែ Google ក្លាយទៅជាសេវាកម្មដ៏សំខាន់មួយ និងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំង ហើយ CNIL និយាយថា ជនជាតិបារាំងរាប់ពាន់នាក់បង្កើតគណនី Google នៅលើទូរស័ព្ទ Android រាល់ថ្ងៃ។ ផលប៉ះពាល់នៃការប្រមូលទិន្នន័យរបស់ Google ទៅលើពលរដ្ឋបារាំងក៏មានភាពទូលំទូលាយផងដែរ។

Google មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលប្រឈមនឹងការផាកពិន័យពី GDPR លើការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់នោះ។ កាលពីខែតុលា គណៈកម្មការការពារទិន្នន័យអៀរឡង់ប្រកាសអំពីការស៊ើបអង្កេតលើហ្វេសប៊ុកបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសង្គមនេះទៅលើការរំលោភបំពានទិន្នន័យដែលប៉ះពាល់ដល់គណនីអ្នកប្រើប្រាស់ជាង 50 លាននាក់។ NOYB ក៏ដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន Facebook និងក្រុមហ៊ុន Instagram និង WhatsApp រួមជាមួយនឹងបណ្តឹងទៅកាន់ក្រុមហ៊ុន Google ផងដែរ។

ដោយផ្អែកលើចំណូលត្រីមាសទី 3 ឆ្នាំ 2018 របស់ខ្លួន ក្រុមហ៊ុន Google រកប្រាក់បានគ្រប់គ្រាន់ដើម្បីបង់លុយពិន័យ CNIL ក្នុងរយៈពេលតិចជាង 4 ម៉ោងតែប៉ុណ្ណោះ។ NOYB ត្រូវដឹកនាំដោយលោក Max Schrems មេធាវីជនជាតិអូទ្រីសដែលពាក្យបណ្តឹងប្រឆាំងនឹងហ្វេសប៊ុកបង្ខំឱ្យ EU លុបចោលច្បាប់ Safe Harbor របស់ខ្លួន ហើយផ្លាស់ប្តូរច្បាប់ស្តីពីការចែករំលែកទិន្នន័យរបស់ពលរដ្ឋអឺរ៉ុបជាមួយក្រុមហ៊ុនបរទេសជាច្រើន៕

ប្រភព៖ Nakedsecurity

Exit mobile version