អតីតនាយកផ្នែកសន្តិសុខបច្ចេកវិទ្យានៃក្រុមហ៊ុន UBER ត្រូវបានចោទប្រកាន់

ព្រះរាជអាជ្ញារដ្ឋសហព័ន្ធសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ទៅលើអតីតនាយកផ្នែកសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Uber គឺលោក ​Joe Sullivan ពាក់ព័ន្ធទៅនឹងការបិទបាំងនូវការបែកធ្លាយទិន្នន័យដ៏ធំសំបើមមួយក្នុងឆ្នាំ២០១៦ កន្លងទៅនេះ។

យោងទៅតាមការចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា លោក Sullivan “បានចាត់វិធានការដោយចេតនាដើម្បីលាក់បាំង បង្វែរ និងបំភាន់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអំពីការលួចទិន្នន័យមួយនេះ” ហើយក៏ពាក់ព័ន្ធទៅនឹងការផ្តល់ប្រាក់លោះចំនួន ១០០,០០០ដុល្លា ជាថ្នូរមិនបញ្ចេញព័ត៌មានមួយនេះផងដែរ។

រូបភាពពីវេបសាយ
https://www.justice.gov/usao-ndca/pr/former-chief-security-officer-uber-charged-obstruction-justice

បណ្តឹងព្រហ្មទណ្ឌត្រូវបានដាក់នាពេលថ្មីៗនេះនៅតុលាការសហព័ន្ធ ដោយចោទប្រកាន់លោក Joseph Sullivan ពីបទរារាំងយុត្តិធម៌ និងការប្រព្រឹត្តខុសនៃបទឧក្រិដ្ឋទាក់ទងនឹងការប៉ុនប៉ងបិទបាំងការហេគទៅលើក្រុមហ៊ុន Uber Technologies ក្នុងឆ្នាំ២០១៦ ។

ការលួចយកទិន្នន័យរបស់ Uber ឆ្នាំ ២០១៦ បានបង្ហាញនូវឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទរបស់អ្នកដំណើរ និងអ្នកបើកបរ Uber ចំនួន ៥៧ លាននាក់ និងលេខប័ណ្ណបើកបររបស់អ្នកបើកបរប្រហែល ៦០ ម៉ឺននាក់។

ក្រុមហ៊ុនបានបង្ហាញព័ត៌មាននេះដល់សាធារណជនជិតមួយឆ្នាំក្រោយមកក្នុងឆ្នាំ២០១៧ ភ្លាមៗ បន្ទាប់ពីលោក Sullivan បានចាកចេញពីការងារនៅ Uber កាលពីខែវិច្ឆិកា។

ក្រោយមកមានគេរាយការណ៍មកថាពួកហេគឃ័រពីរនាក់គឺ Brandon Charles Glover នៅ Florida និង Vasile Mereacre នៅ Toronto ជាអ្នកនៅពីក្រោយឧប្បត្តិហេតុដែល Sullivan បានយល់ព្រមបង់លុយជាថ្នូរនឹងការសន្យាលុបទិន្នន័យអតិថិជនដែលពួកគេបានលួច។

ទាំងអស់នេះបានចាប់ផ្តើមនៅពេលដែល Sullivan ក្នុងនាមជាអ្នកតំណាងឱ្យ Uber ក្នុងឆ្នាំ 2016 កំពុងឆ្លើយតបទៅនឹងការសាកសួររបស់ FTC ទាក់ទងនឹងឧប្បត្តិហេតុរំលោភទិន្នន័យពីមុននៅក្នុងឆ្នាំ 2014 ហើយក្នុងពេលតែមួយ Brandon និង Vasile បានទាក់ទងគាត់ទាក់ទងនឹងការរំលោភទិន្នន័យថ្មី។

“នៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៦ ប្រមាណ ១០ ថ្ងៃ បន្ទាប់ពីការផ្តល់សក្ខីកម្មរបស់គាត់ទៅ FTC លោក Sullivan បានទទួលអុីមែលពីអ្នកវាយប្រហារម្នាក់ ដែលបានប្រាប់គាត់ថា Uber ត្រូវបានគេហេគម្តង ទៀត” ។

“ក្រុមរបស់ Sullivan អាចបញ្ជាក់ពីការរំលោភបំពាននេះក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីទទួលបានអុីមែលរបស់គាត់។ ជាជាងរាយការណ៍អំពីការរំលោភបំពានក្នុងឆ្នាំ ២០១៦ លោក Sullivan បានចាត់វិធានការដោយចេតនាដើម្បីការពារអំពីការរំលោភបំពានមិនឱ្យដឹងដល់ FTC ។ “

យោងតាមឯកសារតុលាការ ចំនួនទឹកប្រាក់លោះត្រូវបានបង់តាមរយៈកម្មវិធីប្រាក់រង្វាន់ (bug bounty) ក្នុងការប៉ុនប៉ងដើម្បីកត់ត្រាការបង់ប្រាក់តាមអុីម៉ែលជាអំណោយសម្រាប់ពួក white-hat ដែលចង្អុលបង្ហាញអំពីបញ្ហាសន្តិសុខ ប៉ុន្តែមិនបានប៉ៈពាល់ទៅដល់ទិន្នន័យនោះទេ។

រដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា “Uber បានបង់លុយអោយពួកហេគឃ័រចំនួន ១០០,០០០ ដុល្លារនៅក្នុង BitCoin នៅក្នុងខែធ្នូឆ្នាំ ២០១៦ ទោះបីជាពួក Hacker បានបដិសេធមិនប្រាប់ឈ្មោះពិតរបស់ពួកគេ (នៅពេលនោះក៏ដោយ)” ។ លើសពីនេះទៀត Sullivan បានព្យាយាមឱ្យពួកហេគឃ័រ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មាន។ កិច្ចព្រមព្រៀងមានការសរសេរមិនពិត ដែលថាពួកហេគឃ័រ មិនបានយក ឬរក្សាទុកទិន្នន័យណាមួយឡើយ។

“លើសពីនេះទៀត បន្ទាប់ពីបុគ្គលិករបស់ Uber អាចកំណត់អត្តសញ្ញាណបុគ្គលពីរនាក់ដែលទទួលខុសត្រូវចំពោះការរំលោភនេះ លោក Sullivan បានរៀបចំឱ្យពួកហេគឃ័រចុះហត្ថលេខាលើច្បាប់ចម្លងថ្មី នៃកិច្ចព្រមព្រៀងមិនបង្ហាញ (non-disclosure) ជាមួយឈ្មោះពិតរបស់ពួកគេ។ កិច្ចព្រមព្រៀងថ្មីរក្សាលក្ខខណ្ឌមិនពិតដដែល ដែលថាមិនមានទិន្នន័យណាមួយដែលបានលួចឡើយ។ ទីបំផុតការគ្រប់គ្រងថ្មីរបស់ Uber បានរកឃើញការពិត ហើយបានលាតត្រដាងពីការលួចទិន្នន័យនេះជាសាធារណៈ និង FTC នៅខែវិច្ឆិកា ឆ្នាំ២០១៧។ “

កាលពីឆ្នាំមុន ពួកហេគឃ័រទាំងពីរត្រូវបានគេចោទប្រកាន់ពីបទជាច្រើនទាក់ទងនឹងការហេគចូល និងការតាមទារលុយ ​(blackmailing) លើក្រុមហ៊ុន ​Uber, Linkind និងសាជីវកម្មអាមេរិកដទៃទៀត។

ក្នុងឆ្នាំ២០១៨ និយតករការពារទិន្នន័យអង់គ្លេស និងហូឡង់ក៏បានពិន័យជាប្រាក់ដល់ក្រុមហ៊ុន Uber ចំនួន ១,១ លានដុល្លារ ពីបទខកខានក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនអំឡុងការវាយប្រហារតាមអុីនធឺណិតឆ្នាំ ២០១៦ ។

ប្រសិនបើលោក Sullivan ត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់លាក់បាំង គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ក៏ដូចជាការផាកពិន័យជាទឹកប្រាក់រហូតដល់ ៥០០,០០០ ដុល្លារ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version