ការដាក់ទណ្ឌកម្មដំបូងបង្អស់របស់សហភាពអឺរ៉ុបដោយហេតុផលការវាយលុកតាមអុីនធឺណិត

តាមប្រភពព័ត៌មានពី AP បានឱ្យដឹងថា នាពេលថ្មីៗនេះ សហភាពអឺរ៉ុបកាលបានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនលើការវាយលុកតាមអុីនធឺណិត ទៅលើភ្នាក់ងារចារកម្មយោធារុស្ស៊ី ភ្នាក់ងារចារកម្មអុីនធឺណិតចិននិងអង្គការនានារួមទាំងក្រុមហ៊ុនកូរ៉េខាងជើងផងដែរ។

មនុស្ស ៦នាក់ និងក្រុម ៣ ដែលត្រូវបានទទួលរងទណ្ឌកម្ម ដោយរួមមានទីភ្នាក់ងារចារកម្មយោធា GRU របស់ប្រទេសរុស្ស៊ីផងដែរ។ ទីស្នាក់ការកណ្តាលសហគមន៍អ៊ឺរ៉ុបបានស្តីបន្ទោសពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្រាប់ការវាយប្រហារមេរោគ “WannaCry” និង “NotPetya” ឆ្នាំ២០១៧ និងយុទ្ធនាការចារកម្មតាមប្រព័ន្ធអុីនធឺណិត “Cloud Hopper” ។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថាការដាក់ទណ្ឌកម្មនេះ គឺជាការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិដល់រូបវន្តបុគ្គល និងជាការបង្កកទ្រព្យសម្បត្តិដល់អង្គភាព ឬស្ថាប័ននានា។ វាក៏ត្រូវបានហាមឃាត់ផងដែរ ក្នុងការរកថវិកាដោយផ្ទាល់ឬដោយប្រយោលដល់បុគ្គល និងនីតិបុគ្គល ឬអង្គភាពនានា។

ជនជាតិរុស្ស៊ី ៤ នាក់ដែលត្រូវបានគេស្គាល់ថាជាសមាជិក GRU ត្រូវបានគេចោទប្រកាន់ពីបទព្យាយាមហេគចូលបណ្តាញ Wi-Fi របស់អង្គការ Prohibition of Chemical Weapons (OPCW) ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។

GRU ក៏ត្រូវបានគេដាក់ទណ្ឌកម្មចំពោះការបញ្ចេញមេរោគចាប់ជំរិត “NotPetya” ដែលមានគោលដៅទៅលើក្រុមហ៊ុនដែលធ្វើជំនួញជាមួយអ៊ុយក្រែន និងបណ្តាលឱ្យខូចខាតរាប់ពាន់លានដុល្លារនៅទូទាំងពិភពលោក និងការវាយលុកតាមអុីនធឺណិតលើបណ្តាញថាមពលរបស់អ៊ុយក្រែនក្នុងឆ្នាំ 2015 និង 2016 ផងដែរ។

ជនជាតិចិនពីរនាក់ដែលត្រូវបានគេដាក់ទណ្ឌកម្ម ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងប្រតិបត្តិការ “ Cloud Hopper” ដែលសហភាពអឺរ៉ុបបាននិយាយថា បានប៉ៈពាល់ដល់ក្រុមហ៊ុននៅទ្វីបចំនួន៦ រួមទាំងនៅអឺរ៉ុប តាមរយៈអ្នកផ្តល់សេវាក្លោដ និង “បានចូលដោយមិនមានសិទ្ធិអនុញ្ញាត អាក់េសសទៅកាន់ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលធ្វើឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។

ម្នាក់ក្នុងចំណោមពីរនាក់គឺឈ្មោះ Zhang Shilong ដែលត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០១៨ ចំពោះតួនាទីដែលត្រូវបានចោទប្រកាន់នៅក្នុងប្រតិបត្តិការនេះ ដែលបានកំណត់គោលដៅទៅលើឧស្សាហកម្មជាច្រើន រួមមានអាកាសចរណ៍ (aviation) ជីវបច្ចេកវិទ្យា (biotechnology) និងផ្កាយរណប (satellite) និងបច្ចេកវិទ្យានាវាចរណ៍ (maritime)។ ការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប គឺក្រុមហ៊ុនចិន Huaying Haitai ដែលត្រូវបានចុះបញ្ជីជាក្រុមហ៊ុនដែល Zhang ធ្វើការជាមួយ។

ក្រុមហ៊ុនកូរ៉េខាងជើងដែលបានដាក់ទណ្ឌកម្មគឺ Chosun Exro ដែលសហគមន៍អ៊ឺរ៉ុបបាននិយាយថាគាំទ្រការវាយលុកតាមអុីនធឺណិតរួមមាន WannaCry ការហេគចូលទៅក្នុងក្រុមហ៊ុន Sony Pictures និងការប្លន់តាមអុីនធឺណិត ទៅលើធនាគារវៀតណាម និងបង់ក្លាដែស។

អ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអុីនធឺណិតសហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការប៉ុនប៉ងហេគទៅលើ chemical weapons group ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីតាំងរបស់អង្គការរបស់ខ្លួន នៅទីក្រុងឡាអេប្រទេសហូឡង់៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version