ក្រុមហ៊ុនហ្វេសប៊ុកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីប្រទេសសឹង្ហបុរីបញ្ជាអោយបិទទំព័រហ្វេសប៊ុកមួយ

តាមប្រភពព័ត៌មានពីវេបសាយ ​BBC បានឱ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានសម្តែងការព្រួយបារម្ភ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានបញ្ជាដោយប្រទេសសឹង្ហបុរី ដើម្បីរារាំង ​(block) ការចូលទៅកាន់ទំព័រហ្វេសប៊ុកសារព័ត៌មានមួយ។ ប្រទេសសឹង្ហបុរីនិយាយថា គេហទំព័ររបស់ស្ថាប័ន States Times Review បានរំលោភច្បាប់ “ព័ត៌មានក្លែងក្លាយ” ដែលត្រូវបានបង្កើតថ្មី និងបានបង្ហាញ “ការកុហកមិនពិត” ម្តងហើយម្តងទៀត។

ក្រុមហ៊ុនហ្វេសប៊ុកនិយាយថា ក្រុមហ៊ុនត្រូវបានបញ្ជាដោយស្របច្បាប់ ដើម្បីអនុវត្តតាមបទបញ្ជាក្នុងការរារាំងការចូលប្រើប្រាស់របស់ប្រជាជនក្នុងប្រទេសសឹង្ហបុរី ប៉ុន្តែក្រុមហ៊ុននេះក៏និយាយថា បទបញ្ជានេះពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថាសារាចរណែនាំអាច “រារាំងសេរីភាពក្នុងការបញ្ចេញមតិ” បាន។

ច្បាប់ដែលត្រូវបានគេស្គាល់ថាជាការការពារពីពីការភូតកុហកតាមអុិនធឺណិត និងការគ្រប់គ្រង (POFMA) បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០១៩។ រដ្ឋាភិបាលប្រទេសសឹង្ហបុរីនិយាយថាខ្លួនត្រូវការច្បាប់តឹងរឹងដែលផ្តល់សក្តានុពលសម្រាប់ព័ត៌មានក្លែងក្លាយ ដែលញុះញង់ការរើសអើងជាតិសាសន៍ និងសាសនា ហើយវាត្រូវការអំណាចដើម្បីធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបញ្ឈប់ការរីករាលដាលនៃការភូតកុហកទាំងនេះ។

អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានប៊ីប៊ីស៊ីថា “យើងជឿជាក់ថាការបញ្ជាដូចនេះ គឺមិនមានលក្ខណៈសមាមាត្រ និងផ្ទុយពីការអះអាងរបស់រដ្ឋាភិបាលដែលថា POFMA នឹងមិនត្រូវបានប្រើជាឧបករណ៍សម្រាប់ត្រួតពិនិត្យនោះទេ។ យើងបានលើកឡើងម្តងហើយម្តងទៀតអំពីសក្តានុពលនៃច្បាប់នេះសម្រាប់ការធ្វើសមាហរណកម្មហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគំរូនេះសម្រាប់ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសសិង្ហបុរី។”

តើទំព័រនេះបានចុះផ្សាយអ្វីខ្លះ?

អាជ្ញាធរនិយាយថាស្ថាប័ន States Times Review (STR) ធ្វើការបង្ហោះនៅលើហ្វេសប៊ុកមួយដែល “ បានអះអាងដោយមិនពិតថា ប្រទេសសិង្ហបុរី គឺដាច់ស្តុកទៅលើម៉ាសហើយ” ។ អត្ថបទនេះត្រូវបានសរសេរទាក់ទងទៅនឹងស្ថានភាពជំងឺឆ្លងវីរុសកូរ៉ូណាក្នុងពេលបច្ចុប្បន្នដែលមនុស្សជាច្រើននៅប្រទេសសិង្ហបុរីខំប្រឹងទិញម៉ាសបន្ថែមនោះ។

ប្រទេសសិង្ហបូរីដែលបានរាយការណ៍ពីករណីនៃការឆ្លងវីរុសជាច្រើនដែលនិយាយថា ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃមេរោគនេះ។ ប្រទេសនេះបានបញ្ជាឱ្យស្ថាប័ន STR ធ្វើការកែតម្រូវទៅលើសេចក្តីជូនដំណឹងនេះដែលបញ្ជាក់ថាព័ត៌មានដែលចេញផ្សាយនេះគឺមិនពិតនោះទេ។ ទោះយ៉ាងណា ការកែតម្រូវទាំងនេះមិនត្រូវបានអើពើនោះទេ។

ក្រសួងទូរគមនាគមន៍ និងព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជាឱ្យស្ថាប័ន STE អនុវត្តន៍សេចក្តីជូនដំណឹងមួយដោយនិយាយថា វាជាទីតាំងប្រកាសតាមអុិនធឺណិត (DOL) ។ នេះមានន័យថានរណាម្នាក់ដែលបានចូលមើលទំព័រនេះនឹងត្រូវបានគេព្រមានថា [វា] មានប្រវត្ដិសាស្ដ្រទាក់ទងនឹងការភូតកុហក។

ស្ថាប័ន STR មិនបានអនុវត្តសេចក្តីជូនដំណឹងនោះទេ។ អាជ្ញាធរនិយាយថាខ្លួនបានធ្វើការ “ផ្លាស់ប្តូរ URL នៃទំព័រនេះ” ដែលនាំឱ្យក្រសួងចេញសេចក្តីណែនាំបន្ថែមទៀតដល់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីរារាំងការចូលប្រើគេហទំព័រនេះសម្រាប់អ្នកប្រើប្រាស់នៅប្រទេសសិង្ហបុរី។

រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មានលោក S Iswaran និយាយថា វាមានតំរូវការជាក់លាក់មួយដែលត្រូវចាត់វិធានការយ៉ាងឆាប់រហ័សប្រឆាំងនឹងការភូតកុហកនៅពេលមានការផ្ទុះឡើងនៃវីរុសនេះ។ គាត់និយាយថា “ប្រសិនបើយើងមិនធ្វើទេ ការនិយាយមិនពិតទាំងនេះអាចបង្កឱ្យមានការថប់បារម្ភ ការភ័យខ្លាច និងភាពភិតភ័យជាច្រើនថែមទៀត” ។

ស្ថាប័ន States Times Review បានទទួលបានការណែនាំក្នុងការកែតម្រូវយ៉ាងហោចណាស់ចំនួន ៣ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុននេះ។ កាលពីមុននេះ ក្រុមហ៊ុនហ្វេសប៊ុកបានបន្ថែមសេចក្តីជូនដំណឹងស្តីពីការកែតម្រូវទៅនឹងការប្រកាសរបស់ STR ។ សេចក្តីជូនដំណឹងនិយាយថា ហ្វេសប៊ុកត្រូវបានតម្រូវដោយច្បាប់ដើម្បីប្រាប់អ្នកថា រដ្ឋាភិបាលរបស់ប្រទេសសិង្ហបុរីនិយាយថាការប្រកាសនេះគឺជាព័ត៌មានមិនពិត។ អ្នកកែសំរួលគេហទំព័រនេះ គឺជាពលរដ្ឋរបស់ប្រទេសអូស្រ្តាលីឈ្មោះ Alex Tan ដែលនិយាយកាលពីឆ្នាំមុនថា គាត់នឹងមិន “គោរពតាមបទបញ្ជាណាមួយពីរដ្ឋាភិបាលបរទេសនោះទេ” ។

តើនឹងមានអ្វីកើតឡើងប្រសិនបើហ្វេសប៊ុកមិនបានអនុវត្តតាម?

POFMA អនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ជាអោយវេទិកាតាមអ៊ីនធឺណិតដើម្បីដកចេញ និងកែតម្រូវអ្វីដែលវាយល់ថាជាសេចក្តីថ្លែងការណ៍មិនពិតដែលប្រឆាំងនឹងផលប្រយោជន៍សាធារណៈ។ នៅក្រោមច្បាប់របស់ POFMA នេះ ក្រុមហ៊ុនហ្វេសប៊ុកនឹងត្រូវរកឃើញថាវាមានពិរុទ្ធភាព ប្រសិនបើមិនបានអនុវត្តន៍តាមបទបញ្ជារបស់រដ្ឋាភិបាលនោះ។ ការទទួលទណ្ឌកម្មនឹងត្រូវពិន័យមិនលើសពី S$20,000 ក្នុងមួយថ្ងៃរហូតដល់ចំនួនសរុប S$500,000 ។

ទីស្នាក់ការកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ្វេសប៊ុកមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។ ក្រុមហ៊ុននេះក៏បានវិនិយោគជាង ១ ពាន់លានដុល្លារសឹង្ហបុរី ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយនៅសឹង្ហបុរីដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ។

តើមានអ្វីត្រូវបានគេនិយាយអំពីច្បាប់ព័ត៌មានក្លែងក្លាយ?

ប្រទេសសិង្ហបុរីតែងតែអនុវត្តន៍ការត្រួតពិនិត្យយ៉ាងតឹងរឹងលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ប្រទេសនេះជាប់ចំណាត់ថ្នាក់ ១៥១ ក្នុងចំណោមប្រទេស ១៨០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ។ ក្រុមអ្នករិះគន់និយាយថាច្បាប់នេះគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ។

ប៉ុន្តែរដ្ឋមន្រ្តីច្បាប់របស់សិង្ហបុរីនិយាយថាការនិយាយដោយសេរី “មិនគួរត្រូវបានប៉ះពាល់ដោយច្បាប់នេះទេ” ដែលមានគោលបំណងដើម្បីដោះស្រាយទៅលើការនិយាយមិនពិត ការប្រើប្រាស់នូវ Bots ការសើចចំអក និងគណនីក្លែងក្លាយជាច្រើនទៀត៕” 

Exit mobile version