បានព័ត៌មានពីវេបសាយ Channel New Asias បានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក (កាលពីថ្ងៃសុក្រ) និយាយថាចោរហេគឃ័រដែលបានលួចយកព័ត៌មានលំអិតរបស់អ្នកប្រើប្រាស់ប្រមាណជា៣០លាននាក់កាលពីខែមុន បានលួចយកទិន្នន័យលំអិត (name & contact details) អស់ ២៩លាននាក់។
ហ្វេសប៊ុកមិនបានរកឃើញការលួចយកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ឬទិន្នន័យហិរញ្ញវត្ថុ ហើយក៏មិនទាន់ឃើញមានការប្រើប្រាស់គណនីហ្វេសប៊ុកដែលលួចបាននោះអាក់សេសទៅលើវេបសាយដទៃទៀតឡើយ។
កាលលួចយកទិន្នន័យលំអិតទាំងនោះ អាចធ្វើឲ្យមានការបន្លំជាក្រុមហ៊ុន Facebook ឬជាមិត្តភ័ក្រ្តរបស់អ្នក ។ល។ បន្ទាប់មកពួកគេអាចធ្វើការរៀបចំនូវ អ៊ីម៉ែលបន្លំមួយដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការផ្តល់នូវព័ត៌មាន Login ឬក៏ចុចទៅលើឯកសារ attachment ដែលអាចឆ្លងមេរោគចូលទៅក្នុងកុំព្យូទ័រ។
ចំនុចខ្សោយថ្មីបំផុតរបស់ហ្វេសប៊ុកមានតាំងពីខែកក្កដា ២០១៧ មកម្លេះ ប៉ុន្តែក្រុមហ៊ុនទើបតែកំណត់បានដំបូងបំផុតនៅពាក់កណ្តាលខែកញ្ញា ២០១៨ នៅពេលដែលមានការកើនឡើងនូវការប្រើប្រាស់មុខងារ “View As” ។ វាត្រូវបានកំណត់ជាការវាយប្រហារនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា “ក្នុងរយៈពេល២ថ្ងៃ យើងបានបិទនូវចំនុចខ្សោយនោះ ហើយបញ្ឈប់ការវាយប្រហារ ហើយស្រោចស្រង់សន្តិសុខគណនីរបស់អ្នកប្រើប្រាស់ឡើងវិញ។”
ភាគហ៊ុនហ្វេសប៊ុកបានធ្លាក់ចុះ ២.៦ភាគរយបន្ទាប់ពីការវាយប្រហារត្រូវបានប្រកាសកាលពីខែមុន និងបន្តធ្លាក់ចុះ ១ភាគរយទៀតនៅពេលដែលមានការអាប់ដេតព័ត៌មានកាលពីថ្ងៃសុក្រ៕