ហ្វេសប៊ុករាំងខ្ទប់អ្នកប្រើប្រាស់នៅអូស្ត្រាលី និងអ្នកសារព័ត៌មានមិនឱ្យមើល ឬចែករំលែកព័ត៌មាន

ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើតាមការគំរាមរបស់ខ្លួនក្នុងការរាំងខ្ទប់ (ban) ប្រជាជនអូស្ត្រាលីមិនឱ្យមើលឃើញ និងបង្ហោះខ្លឹមសារព័ត៌មាន ​(news content) នៅលើប្រព័ន្ធហ្វេសប៊ុក ជាការឆ្លើយតបទៅនឹងបញ្ញតិថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ។

លោក Will Easton ដែលជានាយកគ្រប់គ្រងហ្វេសប៊ុកប្រចាំនៅ Australia និង New Zealand បាននិយាយថា ការរាំងខ្ទប់មួយនេះគឺនឹងប៉ៈពាល់ដល់អ្នកបោះពុម្ពផ្សាយជនជាតិអូស្ត្រាលី (Australian publishers) មិនឱ្យធ្វើការបង្ហោះព័ត៌មាន ហើយប្រជាជនអូស្ត្រាលីក៏មិនអាចធ្វើការចែករំលែក ឬមើលឃេីញខ្លឹមសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាននានាផងដែរ ​។

លោកបានបញ្ជក់បន្ថែមថា សេចក្តីព្រាងច្បាប់ដែលបានស្នើនេះ គឺមានការយល់ច្រលំនូវទំនាក់ទំនងជាមូលដ្ឋានរវាងថ្នាលបច្ចេកវិទ្យារបស់ខ្លួន និងអ្នកបោះពុម្ពផ្សាយដែលប្រើប្រាស់ថ្នាលនេះដើម្បីធ្វើការចែករំលែកព័ត៌មាន។ វាបានធ្វើឱ្យយើងប្រឈមមុខនឹងជម្រើស គឺការព្យាយាមអនុវត្តតាមច្បាប់ ឬក៏បញ្ឈប់ការអនុញ្ញាតឱ្យមានមាតិកាព័ត៌មាននៅលើថ្នាលរបស់យើងនៅក្នុងប្រទេសអូស្ត្រាលី។

នាថ្ងៃព្រហស្បតិ៍នេះ អ្នកប្រើប្រាស់បានរាយការណ៍ថា បានឃើញផ្ទាំងមួយចេញនៅពេលពួកគេប៉ុនប៉ងបង្ហោះតំណភ្ជាប់របស់ព័ត៌មាន ​(link of news) ដោយការបង្ហាញពាក្យពេចន៍ថាព័ត៌មានទាំងនេះមិនអាចត្រូវបានបង្ហោះបានទេ ជាការឆ្លើយតបនឹងបញ្ញត្តិថ្មីក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

លោក Josh Frydenberg ដែលជាហេរញ្ញិករបស់អូស្រ្តាលីបានសរសេរថា គាត់បានធ្វើការពិភាក្សាយ៉ាងសកម្ម ជាមួយនាយកប្រតិបត្តិហ្វេសប៊ុកគឺលោក Mark Zuckerberg កាលពីព្រឹកថ្ងៃព្រហស្បតិ៍។លោកបានលើកឡើងនូវបញ្ហាដែលនៅសេសសល់មួយចំនួនជាមួយនឹងបញ្ញត្តិថ្មីនេះរបស់រដ្ឋាភិបាល ហើយយើងបានយល់ព្រមបន្តការសន្ទនាគ្នាដើម្បីព្យាយាមស្វែងរកមាគ៌ាឆ្ពោះទៅមុខ។

ការផ្លាស់ប្តូររបស់ហ្វេសប៊ុកគឺផ្ទុយពីវិធីសាស្រ្តដែលក្រុមហ៊ុន ​Google ធ្វើការពាក់ព័ន្ធទៅនឹងបញ្ញត្តិថ្មីនេះ។

ទោះបីជា Google បានគំរាមដកសេវាស្វែងរក ​(Google Search) របស់ខ្លួនចេញពីអូស្រ្តាលី ប្រសិនបើបញ្ញត្តិនោះដំណើរការក៏ដោយ នៅក្នុងសប្តាហ៍មុន Google បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកបោះពុម្ពផ្សាយធំ ៗ មួយចំនួនរបស់អូស្រ្តាលីរួមមាន News Corp, Nine Entertainment និង Seven West Media សម្រាប់ការបង់ប្រាក់សម្រាប់ News Showcase របស់ខ្លួន។ កិច្ចព្រមព្រៀង Nine ត្រូវបានគេរាយការណ៍ថាមានតម្លៃ ៣០ លានដុល្លារក្នុងមួយឆ្នាំ៕

Exit mobile version