ប្រព័ន្ធទំនាក់ទំនងការទូតរបស់ សហគមន៍អឺរ៉ុបត្រូវបានវាយលុកលួចដោយក្រុមហេគឃ័រ

តាមព័ត៌មានពីវេបសាយ​ BBC បានឲ្យដឹងថា ក្រុមចោរបច្ចេកវិទ្យាឬហេគឃ័របានធ្វើការវាយលុកលួចយកដោយជោគជ័យនូវបណ្តាញទំនាក់ទំនងការទូតរបស់សហគមន៍អ៊ឺរ៉ុប អស់រយៈពេលជាច្រើនឆ្នាំមកហើយ – នេះបើតាមការឲ្យដឹងពីការការសែត The New York Times។

សារជាច្រើនពាន់ត្រូវបានស្ទាក់ចាប់យកដោយចោរបច្ចេកវិទ្យាដែលរួមមានប្រធានបទជាច្រើនរាប់ចាប់ពីប្រធានាធិបតី Donald Trump រហូតដល់ពាណិជ្ជកម្មពិភពលោក។ ការវាយលុកលួចយកព័ត៌មានការទូតទំនាក់ទំនងនេះ ត្រូវបានរកឃើញដោយក្រុមហ៊ុនសន្តិសុខព័ត៌មានមួយឈ្មោះថា Area1។ 

មន្រ្តីមកពីសហគមន៍អ៊ឺរ៉ុបបាននិយាយថា ព័ត៌មានដែលត្រូវកំណត់ជាប្រភេទ confidentail និង secret គឺមិនត្រូវបានលួចឡើយនៅក្នុងកំឡុងពេល ៣ឆ្នាំនៃការហេគនេះ។ មានអ្នកជំនាញការម្នាក់បានប្រាប់ទៅដល់ការសែត The New York Times ថាវិធីសាស្ត្រដែលប្រើប្រាស់ដោយហេគឃ័រនោះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលបានប្រើប្រាស់ដោយយោធាចិន។ លោកបាននិយាយថា  “ក្រោយពេលឆ្លងកាត់បទពិសោធន៍អស់ជាងមួយទសវត្សមកនេះក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចោរបច្ចេកវិទ្យាចិន គឺយើងមិនមានការសង្ស័យអ្វីទៀតនោះឡើយដែលថា យុទ្ធនាការមួយនេះគឺជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលប្រទេសចិន”។

ឯកសារដែលទទួលការស្ទាក់ចាប់លួចយកនោះ គឺត្រូវបានគេស្គាល់ថាជា​ diplomatic cables  ដែលក្នុងនោះបានរៀបរាប់នូវអ្វីដែលលោក Trump និងលោក  Vladimir Putin បានជួបប្រជុំគ្នាកាលពីខែកក្កដា កន្លងទៅនេះ។

មានសារដទៃទៀតបានបង្ហាញអំពីកិច្ចប្រជុំឯកជនរវាងលោកប្រធានាធិបតី Xi Jinping និងមន្ត្រីសហគមន៍អ៊ឺរ៉ុបកាលពីដើមឆ្នាំកន្លងទៅនេះ៕

Exit mobile version