ក្រុមហ៊ុនម៉ៃក្រូសូហ្វនឹងបញ្ចប់ការគាំទ្រដល់វីនដូរ ៧ ក្នុងរយៈពេល ១ឆ្នាំទៀត

ការរំលឹកថ្មីមួយសម្រាប់អ្នកដែលនៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 7 នោះគឺថា អ្នកមានពេល 1 ឆ្នាំទៀតរហូតដល់ក្រុមហ៊ុន Microsoft បញ្ចប់ការទ្រទ្រង់ទាំងស្រុងសម្រាប់ប្រព័ន្ធប្រតិបត្តិការដែលមានអាយុកាល 9 ឆ្នាំរបស់ខ្លួននេះ។

ដូច្នេះវាដល់ពេលដែលអ្នកត្រូវដំឡើងប្រព័ន្ធប្រតិបត្តិការរបស់អ្នកហើយ និងសូមនិយាយថាលាហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 ខណៈពេលដែលការទ្រទ្រង់រយៈពេល ៩ ឆ្នាំនេះនឹងបញ្ចប់នៅថ្ងៃទី 14 ខែមករាឆ្នាំ 2020 ដែលជារយៈពេលយ៉ាងហោចណាស់មួយឆ្នាំទៀតផងដែរគិតចាប់ពីថ្ងៃនេះទៅ។

ក្រោយកាលបរិច្ឆេទនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនឹងមិនចេញផ្សាយនូវការ Updates ទៅលើផ្នែកសន្តិសុខដោយឥតគិតថ្លៃ ការជួសជុលកំហុស (bug fixes) និងមុខងារថ្មីជាច្រើនទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការដែលនៅតែត្រូវប្រើប្រាស់យ៉ាងទូលំទូលាយដោយមនុស្សជាច្រើនទៀតនោះទេ ហើយនៅទីបំផុតវានឹងបន្សល់ទុកឱ្យអ្នកប្រើប្រាស់មួយចំនួនធំងាយនឹងទទួលរងការវាយប្រហារដោយមេរោគផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ការទ្រទ្រង់ដោយឥតគិតថ្លៃមិនមែនការបញ្ចប់ការទ្រទ្រង់ទៅលើប្រព័ន្ធប្រតិបត្តិការ Windows 7 សម្រាប់អាជីវកម្មធំៗ និងសហគ្រាសជាច្រើននោះទេ។ ក្រុមហ៊ុន Microsoft តែងតែធ្វើការលើកលែងចំពោះក្រុមហ៊ុនមួយចំនួនដែលមានបំណងចំណាយប្រាក់ច្រើនដើម្បីបន្តការទ្រទ្រង់ទៅលើប្រព័ន្ធប្រតិបត្តិការនេះ។

យោងតាមរបាយការណ៍ ‘Death of Windows 7‘ ពីក្រុមហ៊ុនចែកចាយខ្លឹមសារ Kollective អោយដឹងថា វាមាន 43% នៃសហគ្រាសកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការដែលមានអាយុកាល 9 ឆ្នាំនេះដែលក្នុងនោះ 17% មិនបានដឹងថា តើពេលណា Microsoft បញ្ចប់ការទ្រទ្រង់ទៅលើប្រព័ន្ធប្រតិបត្តិការនេះនោះទេ។

អ្នកប្រើប្រាស់រាប់លាននាក់នៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 7

តើអ្នកចង់ដឹងទេថាប្រព័ន្ធប្រតិបត្តិការ Windows 7 ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់កម្រិតណាទៅ? ទោះបីជា បន្ទាប់ពីការជម្រុញក្នុងការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows 10 យ៉ាងខ្លាំងក៏ដោយចាប់តាំងពីវាចេញលក់នៅឆ្នាំ 2015 នោះ ចំណែកទីផ្សាររបស់ខ្លួនក៏វ៉ាដាច់ប្រព័ន្ធប្រតិបត្តិការ Windows 7 ដែលមានអ្នកប្រើប្រាស់ចូលចិត្តបំផុតកាលពីចុងឆ្នាំមុនមុននេះ។

ប្រព័ន្ធប្រតិបត្តិការ Windows 7 ចេញផ្សាយនៅឆ្នាំ 2009 ហើយតាមស្ថិតិពីខែធ្នូ ឆ្នាំ 2018 ពីក្រុមហ៊ុន Netmarketshare អោយដឹងថា បច្ចុប្បន្ននេះប្រព័ន្ធប្រតិបត្តិការកំពុងដំណើរការប្រហែលជា 37 ភាគរយនៃកុំព្យូទ័រទាំងអស់របស់ពិភពលោកដែលនេះគឺនៅឆ្ងាយពីការបញ្ចូលគ្នានៃប្រព័ន្ធប្រតិបត្តិការ Windows 8 និង 8.1។

ក្រុមហ៊ុន Microsoft បញ្ឈប់ការទ្រទ្រង់ធំបំផុតរបស់ខ្លួនទៅលើប្រព័ន្ធ Windows 7 តាំងពីខែមករាឆ្នាំ 2015 មកម្លេះប៉ុន្តែអ្នកប្រើ Windows នៅតែបន្តទទួលបានការធ្វើបច្ចុប្បន្នភាពសន្តិសុខ និងការដោះស្រាយបញ្ហាសុវត្ថិភាពដែលជាផ្នែកមួយនៃការទ្រទ្រង់របស់ក្រុមហ៊ុននេះដែលដំណើរការមានរយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំដែរ។

នៅខែមីនាឆ្នាំ 2017 ក្រុមហ៊ុន Microsoft ក៏ចាប់ផ្តើមទប់ស្កាត់ Patches សុវត្ថិភាពថ្មី និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពថ្មីសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Windows 7 និង Windows 8.1 ដែលកំពុងដំណើរការបន្ទះឈីបចុងក្រោយបង្អស់ពីក្រុមហ៊ុន Intel, AMD, Qualcomm និងដទៃទៀតផងដែរ។

ក្រុមហ៊ុននេះនិយាយថា “សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 ដើម្បីដំណើរការលើបន្ទះឈីប Silicon, Drivers និង Firmwares ត្រូវធ្វើតាមការរំពឹងទុករបស់ប្រព័ន្ធប្រតិបត្តិការ Windows 7 សម្រាប់ការដំណើរការ។ វដ្តជីវិតចាប់ផ្តើមនៅពេលដែលផលិតផលត្រូវបញ្ចេញ និងបញ្ចប់នៅពេលដែលវាលែងទ្រទ្រង់តទៅទៀត។ ការដឹងអំពីកាលបរិច្ឆេទសំខាន់ៗក្នុងវដ្តជីវិតនេះជួយអ្នកធ្វើការសំរេចចិត្តឱ្យបានទាន់ពេលវេលាដើម្បីធ្វើបច្ចុប្បន្នភាព ការ Upgrade ឬធ្វើការផ្លាស់ប្តូរផ្សេងៗទៅលើកម្មវិធីរបស់អ្នក។”

ក្រៅពីការបញ្ចប់ការទ្រទ្រង់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 នោះ នៅឆ្នាំក្រោយ Microsoft ក៏នឹងបញ្ចប់ការទ្រទ្រង់សម្រាប់ MS Office 2010, Windows Server 2008/2008 R2, SQL Server 2008/2008 R2, Exchange 2010 និង Windows Embedded 7 នៅឆ្នាំ 2020 ផងដែរ។ចំពោះ Windows 8 វិញ វាមានការទ្រទ្រង់ពន្យារពេលទៅមុខទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះ ហើយនឹងបញ្ចប់ការទ្រទ្រង់នៅថ្ងៃទី 10 ខែមករាឆ្នាំ 2023 ។

តើអ្នកប្រើប្រាស់ Windows 7 ជាច្រើនដែលរងការប៉ះពាល់នេះត្រូវធ្វើអ្វីខ្លះ?

ប្រសិនបើអ្នក ឬអាជីវកម្មរបស់អ្នកនៅតែដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 7 អ្នកនៅតែមានពេលមួយឆ្នាំទៀតដើម្បីប្តូរទៅប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត។

រដ្ឋាភិបាល និងសហគ្រាសធំៗនៅតែអាចទទួលការទ្រទ្រង់បន្ថែមទៀតតាមរយៈការចំណាយទឹកប្រាក់ថ្លៃជាងមុនដើម្បីបន្តទទួលការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និង Patch ពីក្រុមហ៊ុននេះប្រសិនបើពួកគេត្រូវការប្រើប្រាស់ច្រើនជាងមួយឆ្នាំដើម្បីមុនពេលផ្លាស់ប្តូរទៅកាន់កំណែថ្មីនោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ទូទៅគួរតែ Upgrade ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនភ្លាមទៅដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ឬ Linux ជាជាងការដំណើរការប្រព័ន្ធប្រតិបត្តិការ Windows ដែលមិនបានធ្វើការ Patch និងងាយរងគ្រោះនេះ៕

Exit mobile version