កាលពីដើមសប្តាហ៍នេះ Dutch Police បានចាប់ខ្លួនលោក Danny Manupassa អាយុ ៣៦ឆ្នាំ ក្នុងបទសង្ស័យនៃការលាងលុយ ហើយជាប់ពាក់ព័ន្ធជាមួយនឹងការលក់ទូរស័ព្ទកូដនីយកម្មស្មាតហ្វូនទៅឲ្យឧក្រិដ្ឋជន ។
លោក Manupassa ជាម្ចាស់នៃក្រុមហ៊ុនមានឈ្មោះថា Ennetcom ដែលលក់នូវស្មាតហ្វូន Blackberry ភ្ជាប់ជាមួយនឹង PGP-encrypted network ដែលតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុននេះបានលក់ចេញទូរស័ព្ទបានប្រមាណជា 19,000 គ្រឿង ដែលក្នុង ០១គ្រឿងមានតម្លៃ 1500 Euros កាលពីឆ្នាំ២០១៥ ។
ប៉ូលីសបានធ្វើការរឹបអូសនូវម៉ាស៊ីនមេរបស់ក្រុមហ៊ុន Ennetcom ដែលមានមូលដ្ឋាននៅ Netherlands និង Canada ហើយបិទវាមិនឲ្យដំណើរការ (offline) ។ ម៉ាស៊ីនមេនោះផ្ទុកនូវទិន្នន័យកូដនីយកម្មដែលជាកម្មសិទ្ធិនៃឧក្រិដ្ឋជនជាច្រើន ។
យោងទៅតាមសេចក្តីប្រកាសបានដោយដឹងថា ការស៊ើបអង្កេតកំពុងតែបន្ត ហើយទិន្នន័យដែលបានរឹបអូសចេញពីម៉ាស៊ីនមេគឺនឹងធ្វើការវិភាគក្នុងពេលឆាប់ៗខាងមុខនេះ ។
ប៉ូលីសជឿជាក់ថា ប្រតិបត្តិការនេះគឺនឹងទទួលបានលទ្ធផលដ៏ធំធេង ក្នុងការប្រមូលនូវភស្តុតាងដែលត្រូវការក្នុងការដោះស្រាយបញ្ហាជាច្រើនចំពោះមុខ មានដូចជា ការជួញដូរគ្រឿងញៀន, ការធ្វើឃាត និងការឧក្រិដ្ឋកម្មធំៗមួយចំនួនទៀត ។
បន្ថែមជាមួយគ្នានេះផងដែរ ប៉ូលីសកាណាដាក៏ចូលរួមក្នុងកិច្ចស៊ើបអង្កេតនេះផងដែរ ហើយជាការភ្ញាក់ផ្អើលផងដែរ ដែលមានព័ត៌មានកាលពីសប្តាហ៍មុនដែលថា ប៉ូលីសកាណាដាមាននូវ master decryption key សម្រាប់ទូរស័ព្ទ BlackBerry តាំងពីឆ្នាំ២០១០ មកម្លេះ ។
ប៉ូលីសក៏បានបង្ហើបព័ត៌មានខ្លះផងដែរថា អាជ្ញាធរនឹងធ្វើការឃ្លាំមើលផងដែរចំពោះក្រុមហ៊ុនទាំងឡាយណាដែលផ្តល់សេវាកម្មស្រដៀងៗគ្នានេះ (encrypted services) ហើយដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ឬភេរវករ។
កាលពីខែធ្នូកន្លងទៅនេះ អាជ្ញាធរអាលី្លម៉ង់បានរឹបអូសម៉ាសីុនមេជាច្រើន នៃសេវាកម្មកូដនីយកម្មអីុម៉ែល ដែលត្រូវបានជឿជាក់ថាត្រូវបានប្រើប្រាស់ ក្នុងការផ្ញើរនូវអីុម៉ែលគំរាមដាក់គ្រាប់បែកទៅកាន់សាលារៀនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក៕
ប្រភព: The Hacker News / ប្រែសម្រួល: SecuDemy.com