អ្វីទៅជាការសម្ងាត់ទិន្នន័យ និងឯកជនភាព?

នៅពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញមន្ត្រីរបស់ខ្លួនចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមដើម្បីអង្កេតបញ្ហា ដែលកំពុងតែកើតមានក្នុងសង្គម ធ្វើការដោះស្រាយតាមជំនាញនិងដែនសមត្ថកិច្ចរបស់ខ្លួន។ ការសម្រេចចិត្តនេះ ជាយន្តការដែលទទួលនូវការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងប្រើប្រាស់បណ្តាញសង្គមមួយនេះយ៉ាងគំហក់បំផុត។ យោងតាមតួរលេខរបស់គេហទំព័រ “ស្ថិតិនៃការប្រើប្រាស់អ៊ីនធើណេតពិភពលោក (Internet World Stats)” ឆ្នាំ២០១៥ បានបង្ហាញថាក្នុងចំណោមប្រជាជនសរុប ១៥.៧០៨.៧៥៦នាក់ មានប្រជាជនប្រមាណ ៥.០០០.០០០ នាក់កំពុងប្រើប្រាស់បណ្តាញអ៊ីនធើណេត ក្នុងនោះ ៣.៣០០.០០០នាក់ មានគណនី Facebook ។​

បន្ទាប់ពីការដាក់ចុះនូវយន្តការប្រើប្រាស់បណ្តាញសង្គមរបស់មន្ត្រីមានសមត្ថកិច្ចកន្លងមក យើងសង្កតឃើញថាប្រសិទ្ធភាព និងល្បឿននៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានល្អ ទាន់សភាពការណ៍ ជាងការប្រើប្រាស់លិខិតស្នាមតាមបែបរដ្ឋបាលដ៏ស្មុគស្មាញ។ ទន្ទឹមនេះក៏មានការលេចឡើងនូវសញ្ញាណអវិជ្ជមានមួយចំនួនតូច ពីការប្រើប្រាស់បណ្តាញសង្គម ដោយពុំមានបានដឹងឲ្យបានច្បាស់ស្តីពីការសំងាត់នៃទិន្នន័យ លិខិតស្នាម និងឯកជនភាព។ មានការបង្ហោះយ៉ាងព្រោងព្រាតនូវលិខិតស្នាមនានា ដោយពុំគិតពីប្រភេទលិខិតស្នាម (Document Classification) ថាតើអាចធ្វើការផ្សព្វផ្សាយបាន ឬមិនអាចនោះទេ។

១. ប្រភេទឯកសារ

ជាទូទៅឯកសារត្រូវបានកំណត់ជាបីប្រភេទ៖ ឯកសារទូទៅ (ឯកសារដែលអាចផ្សព្វផ្សាយជាសាធារណៈ) ឯកសារសំងាត់ (ឯកសារដែលអាចធ្វើការផ្សព្វផ្សាយបាន លុះត្រាមានការអនុញ្ញាតិ និងឆ្លងកាត់ការវាយតម្លៃហានិភ័យ) និងឯកសារសំងាត់បំផុត (ជាប្រភេទឯកសារដែលមិនត្រូវបានអនុញ្ញាតិក្នុងការចម្លង ឬផ្សព្វផ្សាយជាដាច់ខាតព្រោះវាមានហានិភ័យភ័យខ្ពស់បំផុតដល់សន្តិសុខជាតិ)។ ក្នុងប្រទេសមួយចំនួនដើម្បីរក្សាបាននូវការសំងាត់នៃទិន្នន័យ គេបានបង្កើតនូវច្បាប់ឬបទបញ្ញាតិដើម្បីគ្រប់គ្រងទិន្នន័យ និងការដាក់ទោសទណ្ឌដល់បុគ្គលដែលមិនប្រតិបត្តិតាមគោលការណ៍ទាំងនោះ។

២.​ ឯកជនភាព (ការរក្សាសម្ងាត់នៃព័ត៌មានបុគ្គល)

ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ត្រូវបានរក្សាទុកដោយបុគ្គលផ្ទាល់ និងបុគ្គលផ្សេងទៀត ដែលអាចជាអ្នកផ្គត់ផ្គង់សេវាកម្ម ឬមន្ត្រីមានសមត្ថកិច្ច។ ព័ត៌មានទាំងនោះមានដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំនើត ទីលំអចិន្ទ្រៃយ៍ លេខអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ កន្លែងធ្វើការ ព័ត៌មានគ្រួសារ ជាដើម។ ព័ត៌មានទាំងនេះជាការសំងាត់ និងជាព័ត៌មានឯកជន ដែលមិនគួរគប្បីក្នុងការផ្សព្វផ្សាយ ចែកចាយ ឬបង្ហោះជាសាធារណៈ ក្នុងករណីមិនចាំបាច់ និងគ្មានការអនុញ្ញាតិពីបុគ្គលផ្ទាល់ខ្លួន។ ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាភាពឯកជននៃព័ត៌មាន មិនត្រូវបានខ្វាយខ្វល់នោះឡើយ ពេលខ្លះបុគ្គលខ្លួនឯងធ្វើការបង្ហោះផ្សព្វផ្សាយ ពេលខ្លះអ្នកផ្គត់ផ្គង់សេវាកម្មធ្វើការលក់ព័ត៌មានទៅអ្នកទីបីដោយគ្មានការអនុញ្ញាតិ ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីនេះ អ្វីដែលជាកង្វល់បំផុត នៅពេលដែលបុគ្គលដែលមានតួនាទីធ្វើលិខិតស្នាម និងគ្រប់គ្រងព័ត៌មានរបស់ប្រជាពលរដ្ឋ បានធ្វើការបង្ហោះលិខិតស្នាមបុគ្គលដោយគ្មានការអនុញ្ញាតិ៕

About the Author: Mr. Ly Vandy
គាត់គឺជាបុគ្គលម្នាក់ដែលស្រលាញ់ចូលចិត្តផ្នែកសន្តិសុខអិុនធឺណិត (Cyber Security) ដោយធ្វើការស្រាវជ្រាវ និងចែករំលែក ។ នៅក្នុងជំនាញនេះ គាត់បានទទួលវិញ្ញាបនប័ត្រមួយចំនួនមកពីចិន, កូរេ៉, ថៃ, ម៉ាឡេសីុ និងសឹង្ហបុរី ។ បច្ចុប្បន្ននេះ គាត់ក៏ជាទឹប្រឹក្សាជាន់ខ្ពស់ (senior consultant) ផ្នែកសន្តិសុខអិុនធឺណិតសម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលជាហេតុធ្វើឲ្យគាត់មានលទ្ធភាពធ្វើការជាមួយនឹងអ្នកជំនាញការសន្តិសុខ IT ទាំងក្នុងនិងក្រៅប្រទេស៕
Exit mobile version