ចោរព័ត៌មានវិទ្យាដែលបានលួចយកលុយឌីជីថល (crypto currency) ត្រូវបានផ្តល់រង្វាន់លើកទឹកចិត្ត

ហេគឃ័រដែលបានលួចយកលុយឌីជីថលអស់ប្រមាណជា 600លានដុល្លានោះ ត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ចំនួន 500,000$ និងការលើកលែងការចោទប្រកាន់ (ទោស) សម្រាប់ការផ្តល់ត្រលប់មកវិញនូវលុយឌីជីថលទាំងអស់នោះ។

Poly Network បានធ្វើការសម្រេចចិត្តដ៏ចំរូងចំរាស់មួយនេះ នៅពេលដែលហេគឃ័រសុខចិត្តប្រគល់ប្រាក់ទាំងអស់នោះត្រលប់មកឱ្យខ្លួនវិញ។ ការវាយប្រហារនេះ ត្រូវបានបញ្ចេញឱ្យដឹងកាលពីថ្ងៃអង្គារ៍សប្តាហ៍មុន នៅពេល ​Poly Network បានបញ្ចេញជាសាធារណៈសុំការជួយពីហេគឃ័រ ដើម្បីប្រគល់ប្រាក់ទាំងអស់នោះមកឱ្យខ្លួនវិញ។

បើតាមអតតីភ្នាក់ងារ FBI ម្នាក់បានឱ្យដឹងថា ក្រុមហ៊ុនឯកជនមិនមានសមត្ថកិច្ចក្នុងការសន្យាអំពីការលើកលែងការចោទប្រកាន់ ពីការកាត់ទោសម្រាប់បទលើ្មសព្រហ្មទណ្ឌឡើយ។ ការវាយប្រហារមួយនេះ គឺមានទំហំធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការលួយលុយឌីជីថល ដែលបានវាយលុកទៅលើភាពងាយរងគ្រោះ (ចំនុចខ្សោយ) នៅក្នុងប្រព័ន្ធរបស់ខ្លួន។

សាច់ប្រាក់ភាគច្រើនត្រូវបានបញ្ជូនត្រលប់ទៅឱ្យក្រុមហ៊ុន ​Poly Network ទោះបីជាជាហេគឃ័របាននិយាយថា ខ្លួនមិនចាប់អារម្មណ៍ទៅនឹងប្រាក់រង្វាន់ទេ។

Poly Network បានធ្វើការបញ្ជាក់ថា ខ្លួនបានផ្ញើសារអំពីការវាយប្រហារនេះថា “យើងជឿជាក់ថា សកម្មភាពរបស់អ្នក (ហេគឃ័រ) គឺក្នុងទម្រង់ជា white hat ហើយយើងនឹងធ្វើការផ្តល់ជាសាច់ប្រាក់ចំនួន 500,000USD។ យើងនឹងសន្យាថា អ្នកនឹងមិនមានការទទួលខុសត្រូវសម្រាប់ឧប្បទេវហេតុនេះទេ”។ White-Hat គឺជាក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខសាយប័រ ដែលប្រើប្រាស់ជំនាញរបស់ពួកគេសម្រាប់ជួយដល់ស្ថាប័នក្នុងការស្វែងរកភាពងាយរងគ្រោះ (ចំនុចខ្សោយ) នៅក្នុងប្រព័ន្ធ។

សកម្មភាពរបស់ ​Poly Network នេះបានធ្វើឱ្យមានការខឹងសម្បារពីអ្នកជំនាញមួយចំនួនក្នុងពិភពសន្តិសុខសាយប័រ ដែលមានការព្រួយបារម្ភថា វាគឺជាឧទាហរណ៍មួយនៃសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនហេគឃ័រ ដើម្បីប្រែក្លាយខ្លួនទៅជា ​White-Hat សម្រាប់បិទបាំងសកម្មភាពដែលខ្លួនបានប្រព្រឹត្តិ។

ការវាយលុកក្នុងទម្រង់ជា White-hat គឺមានព្រំដែនកំណត់ត្រឹមត្រូវ មិនប៉ៈពាល់ទៅដល់ប្រព័ន្ធឡើយ ហើយធ្វើការងារជាក្រុម និងមានការសរសេររបាយការណ៍ត្រឹមត្រូវអំពីអ្វីដែលខ្លួនបានរកឃើញ៕

Exit mobile version