តាមព័ត៌មានពី BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple និង Google កំពុងអភិវឌ្ឍបច្ចេកវិទ្យារួមគ្នាដើម្បី ជូនដំណឹងដល់ (alert) បុគ្គលទាំងឡាយណាទើបតែទាក់ទងជាមួយអ្នកដែលត្រូវបានរកឃើញថាឆ្លងវីរុស COVID-19។
ពួកគេសង្ឃឹមថានឹងជួយកម្មវិធី contact-tracing apps ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ វិធីសាស្ត្ររបស់ក្រុមហ៊ុនទាំងពីរនេះគឺដំណើរការដោយប្រើប្រាស់នូវ Bluetooth signals របស់ស្មាតហ្វូន ដើម្បីកំណត់ថាតើម្ចាស់ស្មាតហ្វូនធ្លាប់មានទំនាក់ទំនងជាមួយជាមួយបុគ្គលណាខ្លះក្នុងចំងាយ សមស្របណាមួយ។
ប្រសិនបើមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះក្រោយមកត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស Covid-19 ការព្រមាននឹងត្រូវបានផ្ញើទៅម្ចាស់ទូរស័ព្ទដើម។ មិនមានទិន្នន័យទីតាំង GPS ឬព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានកត់ត្រាទុកឡើយ ។
ក្រុមហ៊ុន Apple និង Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “ភាពឯកជន, តម្លាភាព និងការយល់ព្រម គឺមានសារៈសំខាន់បំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយយើងទន្ទឹងរង់ចាំ ដើម្បីកសាងមុខងារនេះដោយពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍”។
“យើងនឹងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់យើងឱ្យអ្នកដទៃវិភាគដោយបើកចំហ” ។ ប្រធានាធិបតី Trump បាននិយាយថា រដ្ឋបាលរបស់លោកត្រូវការពេលវេលាដើម្បីពិចារណាលើការអភិវឌ្ឍ។
លោកបាននិយាយនៅក្នុងសន្និសីទកាសែតនៅសេតវិមានថា “វាគួរឱ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែមនុស្សជាច្រើនមានការព្រួយបារម្ភអំពីវាទាក់ទង នឹងសេរីភាពរបស់មនុស្ស។ យើងនឹងពិនិត្យមើលវាយ៉ាងខ្លាំង ហើយយើងនឹងប្រាប់អ្នកឱ្យបានដឹងឆាប់ៗនេះ។
ប្រធានផ្នែកការពារទិន្នន័យរបស់សហភាពអ៊ឺរ៉ុប មានការយល់ឃើញវិជ្ជមានចំពោះបញ្ហានេះ ដោយនិយាយថា “គំនិតផ្តួចផ្តើមនេះនឹងត្រូវការវាយតម្លៃបន្ថែមទៀតទោះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការមើលមួយភ្លែតចំពោះការងារនេះ វាហាក់ដូចជាសមស្រប ដោយសារតែពាក់ព័ន្ធទៅនឹងជំរើសរបស់អ្នកប្រើប្រាស់ និងការការពារទិន្នន័យតាំងពីការអភិវឌ្ឍ (by design) ហើយដែលអាចបន្សុីគ្នាជាមួយនឹងសហគមន៍អឺរ៉ុប” ។
ប៉ុន្តែអ្នកផ្សេងទៀតបានកត់សម្គាល់ថា ភាពជោគជ័យនៃកម្មវិធីនេះ គឺពឹងផ្អែកលើការចំនួននៃការចូលរួមគ្រប់គ្រាន់របស់មនុស្ស សម្រាប់ការធ្វើតេស្ត។
តើអ្វីទៅជា Contact-Tracing?
មានប្រទេសមួយចំនួន ដែលរួមមាន Singapore, Israel, South Korea និង Polan បាននឹងកំពុងប្រើប្រស់នូវស្មាតហ្វូនដើម្បីផ្តល់ព័ត៌មានអំពីការពាក់ព័ន្ធជាមួយបុគ្គលដែលមានកើតជំងឺកូវីដ១៩។
មានអាជ្ញាធរសុខាភិបាលដទៃទៀត ដោយរួមមានទាំង UK, France និង Germany បាននឹងកំពុងចាប់ផ្តើមនូវគំនិតផ្តួចផ្តើមរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនយក្សទាំងពីរនេះ មានគោលបំណងដើម្បីអនុញ្ញាតឱ្យ Apps ដែលកំពុងដំណើរការទាំងអស់នេះ ក្លាយទៅជាផ្នែកមួយនៃដំណោះស្រាយរបស់ខ្លួន។ ការធ្វើបែបនេះ អាចអនុញ្ញាតឱ្យ Apps ទាំងអស់នោះអាចដំណើរការជាមួយគ្នា (interoperable) ដែលជាហេតុធ្វើឱ្យ contact-tracing នឹងនៅតែដំណើរការ ក្នុងខណៈពេលដែលមនុស្សទាំងឡាយធ្វើដំណើរឆ្លងប្រទេស ហើយទាក់ទងជាមួយនឹងបុគ្គលនានាដែលប្រើប្រាស់កម្មវិធីផ្សេងៗគ្នា។
ក្រុមហ៊ុន Apple និង Google បាននឹងកំពុងប្រឹងប្រែងធ្វើកិច្ចការនេះ អស់រយៈពេល២សប្តាហ៍មកហើយ ប៉ុន្តែទើបតែបញ្ចេញព័ត៌មានកាលពីថ្ងៃសុក្រកន្លងទៅនេះ។
បើសិនជាទទួលជោគជ័យ នោះវានឹងអាចជួយដល់ប្រទេសនានា ឱ្យដោះស្រាយបញ្ហាបិទទីក្រុង និងកំហិតតឹងរឹងនៅតាមព្រំដែនបាន។
Phone-based matches
ក្រុមហ៊ុនទាំងពីរមានបំណងក្នុងការបញ្ចេញនូវ API (Application Programming Interface) នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ ដែលនឹងអាចឱ្យមានការតភ្ជាប់ពី Apps ដទៃទៀតបាន។
ការកត់ត្រានូវ digital IDs នឹងត្រូវរក្សាទុកនៅលើម៉ាស៊ីនមេពីចំងាយ (remote server) ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា IDs នេះមិនអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់បុគ្គលនិមួយៗបានឡើយ។ បន្ថែមទៀតនោះ ដំណើរការនៃ contact-matching នឹងធ្វើការនៅលើស្មាតហ្វូនផ្ទាល់តែម្តង មិនមែននៅលើម៉ាស៊ីនមេនោះឡើយ។
វានឹងអាចមានលទ្ធភាពប្រាប់ទៅដល់បុគ្គលណាមួយថា ពួកគេគួរតែទៅដាក់ខ្លួនដាច់ដោយឡែក (quarantine) ដោយមិនចាំបាច់មាននរណាម្នាក់ប្រាប់ឡើយ។
ក្រុមហ៊ុនទាំងពីរនេះបានបញ្ចេញនូវ Crytography specification លំអិតរបស់ខ្លួន ដែលមានផែនការប្រើប្រាស់ដើម្បីការពារផ្នែកឯកជនភាព និងតួនាទីលំអិតរបស់ Bluetooth ផងដែរ។ ពួកគេសង្ឃឹមថានឹងបញ្ចុះបញ្ចូលសកម្មជនការពារសិទ្ធិឯកជន អោយមានទំនុកចិត្តទៅលើពួកគេ។
មិនចាំបាច់មាន App ឡើយ
ដំណាក់កាលទី២ នៃគំនិតផ្តួចផ្តើមរបស់ខ្លួន គឺការបញ្ចូលសមត្ថភាព contact-tracing ទៅផ្ទាល់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android តែម្តង។ អ្នកប្រើប្រាស់អាចបិទ/បើកមុខងារនេះ ដោយមិនចាំបាច់មានការទាញយក App ណាមួយឡើយ។ ចំណែកឯ Apps ដទៃទៀត នៅតែអាចធ្វើការបានដដែលបើសិនជាត្រូវការ។
នៅខណៈពេលដែល Apple និង Google សង្ឃឹមថា អ្នកដទៃនឹងឃើញនូវប្រយោជន៍ពីបច្ចេកទេសមួយនេះ ក៏មិនមានការធានាណាមួយឡើយ។
មានការប្រឹងប្រែងជាលក្ខណៈឯករាជ្យមួយរបស់ Pan-European Privacy-Preserving Proximity Tracing (PEPP-PT) initiative – ដែលបានបញ្ចេញនូវការព្យាយាមរបស់ខ្លួន ដើម្បីផ្តល់នូវដំណោះស្រាយដោយផ្តោតទៅលើឯកជនភាព នាថ្ងៃទី១ ខែមេសា កន្លងទៅនេះ។ មានអ្នកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រមាណជា ១៣០នាក់ បានចូលរួមទៅលើការងារនេះ ហើយក៏បានធ្វើការទាក់ទងជាមួយរដ្ឋាភិបាលអឺរ៉ុបមួយចំនួនផងដែរ៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com