អ្នកវាយប្រហារចិនបានជ្រៀតចូលទៅក្នុងដាតាបេសបុគ្គលរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិក
អ្នកវាយប្រហារចិន (chinese hackers) បានជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក ដែលរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួននៃរាល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធ (federal employees) នេះបើតាមការឲ្យដឹងពី New York Times។
ការវាយប្រហារនេះ កើតមានឡើងចំពោះការិយាល័យគ្រប់គ្រងព័ត៌មានបុគ្គលិក ហើយមន្ត្រីជាន់ខ្ពស់អាមរិកជឿជាក់ថា អ្នកវាយប្រហារ (attackers) បានធ្វើ ការជ្រៀតចូលដោយជោគជ័យ ទៅកាន់ដាតាបេសមួយចំនួន ក្នុងខែមីនា មុនពេលដែលអាជ្ញាធរសហព័ន្ធបានដឹង និងធ្វើការបង្ខាំងពួកគេ (block) ចេញពីក្នុង បណ្តាញ។
អ្នកវាយប្រហារមានគោលដៅទៅលើឯកសារ បុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់សិបពាន់នាក់ ដែលបានធ្វើសំណើរសុំការអនុញ្ញាត្តទាក់ទងទៅនឹង top-secret security clearance នេះបើតាមការសែត New York Times បានរាយការណ៍។
ការសែតបានបន្តទៀតថា “ការជ្រៀតចូលនៅឯការិយាល័យគ្រប់គ្រងព័ត៌មានបុគ្គលិក គឺមានលក្ខណៈមួយពិសេសណាស់ ពីព្រោះការវាយប្រហារនោះ បានមើលទៅលើប្រព័ន្ធមួយឈ្មោះថា e-QIP ដែលរាល់បុគ្គលិករបស់រដ្ឋាភិបាលសហព័ន្ធទាំងអស់ធ្វើការស្នើរសុំនូវ securirty clearance បានបញ្ចូលនូវ ព័ត៌មានស្ទើរតែទាំងអស់របស់ពួកគេ ដែលក្នុងនោះរួមមានព័ត៌មានពីបញ្ហាហិរញ្ញវត្ថុផងដែរ។”
មកដល់ពេលនេះ មិនទាន់មានភាពប្រាកដទេថា តើអ្នកវាយប្រហារនោះបានចូលទៅក្នុងប្រព័ន្ធតាំងពីពេលណាមកទេ។ ប៉ុន្តែដាតាបេសដែលត្រូវបានលួចយកនោះ រួមមាននូវ ទិន្នន័យអាជីពការងារ បុគ្គលិកដែលស្នើរសុំ security clearance អាជីពការងារពីមុន និងព័ត៌មានផ្ទាល់ខ្លួនដោយរួមមានទាំងការប្រើប្រាស់ថ្នាំផងដែរ …។ល។ គឺកំពុងតែស្ថិតនៅក្នុងហានិភ័យ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ពី Department of Homeland Security បានបញ្ជាក់ថា ការវាយប្រហារគឺពិតជាកើតមានឡើងមែន តែក្នុងដំណាក់កាលនេះ ទាំងខាងការិយាល័យគ្រប់គ្រងបុគ្គលិក និង Homeland Security មិនទាន់កំណត់បាននូវការខូចខាតនៃព័ត៌មានអត្តសញ្ញាណបុគ្គលិក នៅឡើយទេ។ ក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់ត្រូវបានចាត់តាំងឡើង ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ហើយធ្វើការត្រួតពិនិត្យ និងឆ្លើយតបទៅនឹងហានិភ័យទាំងឡាយ ដែលបានកំណត់។
ជាថ្មីម្តងទៀត វាគឺជាការចាប់ផ្តើមនូវសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក ពីព្រោះដោយយោងទៅតាមមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ការវាយប្រហារនេះ គឺមានប្រភពចេញពីចិន។ ប៉ុន្តែវាមិនទាន់មានភាពប្រាកដប្រជាទេថា តើអ្នកវាយប្រហារទាំងនោះគឺជារបស់រដ្ឋាភិបាល ឬមិនមែន?
គួររំលឹកផងដែរថា នាពេលថ្មីៗនេះ អាមេរិកបានធ្វើការចោទប្រកាន់ទៅលើមន្ត្រីយោធាចិនចំនួន ៥នាក់ ទាក់ទងទៅនឹងការធ្វើចារកម្មលួចយកព័ត៌មាន ឬឯកសារ កម្មសិទ្ធិបញ្ញាពីសហគ្រាសធំៗរបស់អាមេរិក។