ហេគឃ័រជនជាតិចិនចេញផ្សាយ PoC សម្រាប់ Jailbreak ពីចម្ងាយទៅលើ iOS 12 នៅលើទូរស័ព្ទ iPhone X

យើងមានដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ់ការ Jailbreak ទៅលើទូរស័ព្ទ iPhone ទាំងអស់គ្នា។ អ្នកស្រាវជ្រាវសន្តិសុខអ៊ីនធឺណិតជនជាតិចិនម្នាក់បង្ហាញពីព័ត៌មានលម្អិតនៃភាពងាយរងគ្រោះសំខាន់ៗនៅក្នុងកម្មវិធី Apple Safari web browser និងប្រព័ន្ធប្រតិបត្តិការ iOS ដែលអាចឱ្យអ្នកវាយប្រហារពីចម្ងាយធ្វើការ Jailbreak និងជ្រៀតចូលទៅក្នុងទូរស័ព្ទ iPhoneX ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 12.1.2 និងកំណែ versions មុនៗ។

ដើម្បីធ្វើដូច្នេះបាន អ្នកវាយប្រហារត្រូវធ្វើការបញ្ឆោតអ្នកប្រើប្រាស់ទូរស័ព្ទ iPhoneX អោយចូលទៅក្នុងបើកទំព័រ Web page ពិសេសមួយ ដោយប្រើប្រាស់កម្មវិធីរុករក Safari Browser។ ទោះបីជាយ៉ាងណាក៏ដោយ ការស្វែងរកកំហុសឆ្គង និងការបង្កើត exploit សម្រាប់វាយលុកគឺមិនងាយស្រួលនោះទេសម្រាប់ពួកហេគឃ័រនៃប្រព័ន្ធប្រតិបត្តិការ iOS នោះទេ។

នៅក្នុងការរកឃើញដោយអ្នកស្រាវជ្រាវសន្តិសុខ Qixun Zhao នៃក្រុម Vulcan Team របស់ក្រុមហ៊ុន Qihoo 360 អោយដឹងថា ការ exploit អាចធ្វើបាន ០២ចំនុច ដែលត្រូវបានបង្ហាញដំបូងនៅក្នុងការប្រកួតប្រជែងហេគឃីង TianfuCup ដែលធ្វើឡើងកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបន្ទាប់មកត្រូវរាយការណ៍ទៅកាន់ក្រុមការងារសន្តិសុខរបស់ក្រុមហ៊ុន Apple។

នៅថ្ងៃនេះ លោក Zhao ចេញផ្សាយនូវព័ត៌មានលម្អិត និងការបង្ហាញជាវីដេអូភស្តុតាង (PoC) សម្រាប់ការវាយលុកមួយនេះ ហើយគាត់ដាក់ឈ្មោះហៅថា “Chaos” បន្ទាប់ពីម្សិលមិញនេះ ក្រុមហ៊ុន Apple បញ្ចេញកំណែ version iOS 12.1.3 ដើម្បីដោះស្រាយទៅលើបញ្ហាទាំងនោះ។

យោងតាមអ្នកស្រាវជ្រាវឱ្យដឹងថា ការវាយលុកពីជាពីចម្ងាយ (remote Jailbreak) នេះគឺជាការរួមបញ្ចូលគ្នានៃចំនុចខ្សោយពីរ គឺ memory corruption flaw (CVE-2019-6227) នៅក្នុង Safari WebKit របស់ក្រុមហ៊ុន Apple និង user-after-free memory corruption issue (CVE-2019- 6225) នៅក្នុង iOS Kernel ។

ដូចអ្វីដែលបានបង្ហាញនៅក្នុងវីដេអូនេះអំពីការវាយលុកទៅលើ iPhone X ដែលកំហុសនៅក្នុងកម្មវិធី Safari បានអនុញ្ញាតឱ្យមាតិកាគេហទំព័រដំណើរការនូវកូដមិនល្អ (ដែលបង្កើតដោយហេគឃ័រ) នៅលើឧបករណ៍គោលដៅ ហើយបន្ទាប់មកប្រើចំនុចខ្សោយទី២ ដើម្បីតំលើងនូវសិទ្ធិ (elevate privileges) និងដំឡើងកម្មវិធីមេរោគដោយស្ងៀមស្ងាត់តែម្តង។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវរូបនេះជ្រើសរើសមិនចេញផ្សាយកូដសម្រាប់ការ Jailbreak iOS នេះទេ ដើម្បីការពារការប៉ុនប៉ងវាយប្រហារទៅលើអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Apple ហើយសង្ឃឹមថា សហគមន៍ Jailbreak នឹងប្រើប្រាស់ព័ត៌មាននេះដើម្បីឱ្យមានការ jailbreak ដែលសមរម្យមួយសម្រាប់អ្នកប្រើប្រាស់ជាច្រើន។

នៅក្នុងខណៈពេលនេះ ដោយផ្អែកលើការវាយប្រហារពីចម្ងាយនេះ និងការគំរាមកំហែងដ៏ធំទូលំទូលាយនោះ វាមានការផ្តល់អនុសាសន៍សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ទាំងអស់អោយធ្វើការដំឡើងនូវបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយបំផុតឱ្យបានឆាប់តាមដែលអាចធ្វើបានជាជាងរង់ចាំការ jailbreak ៕

Exit mobile version