ច្បាប់សន្តិសុខសាយប័រកំពុងតែត្រូវបានតាក់តែងឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​(ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)

សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចតុកោណយុទ្ធសាស្ត្រទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច មុំទី៣.ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានចាត់ទុកសន្តិសុខព័ត៌មាន ជាកិច្ចការអាទិភាពមួយដែលគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។ ទន្ទឹមនឹងនេះ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ក៏ស្របតាមនិន្នាការតំបន់និងសកលលោកផងដែរ។

រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​(ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ដែលបានរៀបចំឡើងនៅពេលនេះ គឺក្នុងគោលបំណងធានានិរន្តរភាពនៃសេវាសារវន្តរបស់ជាតិ មានជាអាទិ៍ សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សុខភាពសាធារណៈ សុវត្ថិភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការកំណត់គោលការណ៍ វិធាន និងយន្តការ ដើម្បីបង្ការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្ដិសុខសាយប័រ និងឧប្បត្តិហេតុសន្ដិសុខសាយប័រ និងការធ្វើនិយត័កម្មហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា៕

រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​(ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)
រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​(ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)

Exit mobile version