តាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដោយដឹងថា ទំនេីបកម្ម កំណើន និងកង្វះការយល់ដឹងនៃការប្រេីប្រាស់បច្ចេកវិទ្យា បង្កឱ្យលេចឡេីងនូវបទល្មេីសថ្មីប្លែកៗ យេីងមិនអាចបំបាត់ តែអាចមានលទ្ធភាពកាត់បន្ថយ!
តាមរយៈការសិក្សា កត្តារួមផ្សំមួយចំនួនដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា៖
១- តម្រូវការ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់អង្គភាពពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋទូទៅ
២- កង្វះការយល់ដឹង ឬភាពធ្វេសប្រហែសលេីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសការពារ រួមទាំងកម្រិតស្ថាប័ន និងបុគ្គល
៣- កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់ស្តីពីកិច្ចគាំពារអត្តសញ្ញាណបុគ្គល និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)
៤- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)
៥- ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ បច្ចេកទេសខ្ពស់ និងស្មុគស្មាញក្នុងការប្រព្រឹត្តិបទល្មើស
៦- ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង
របាយការណ៍សង្ខេបអំពីបទល្មេីសបច្ចេកវិទ្យាធំៗទាំង៧ ក្នុងព្រះរាជាណាចក្រកម្ពុជា៖
១- បទល្មេីសឆបោកប្រាក់ (Money Deposit/Flipping Scam)
២- បទល្មេីសលួចកាន់កាប់គណនីអនឡាញខុសច្បាប់ (Account Phishing/Hijacking)
៣- បទល្មេីសបរិហាកេរ្តិ៍/សម្លុតឬយាយី (Cyber Defamation/Harrasment/Bully)
៤- បទល្មេីសថតសកម្មភាពអាក្រាតជម្រិតទារប្រាក់ (Sextortion)
៥- បទល្មេីសចម្លងមេរោគ/ជម្រិតទារប្រាក់ (Malware/Ransomware)
៦- បទល្មេីសបន្លំលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (Money Fraud)
៧- បទល្មេីសជ្រៀតចូលប្រព័ន្ធដោយខុសច្បាប់ (System Compromise/Hacking)
ដើម្បីដោះស្រាយសមីកា បទល្មើសបច្ចេកវិទ្យា (Cybercrime) កម្រិតថ្នាក់ជាតិ និងតំបន់ ប្រកបដោយប្រសិទ្ធភាព យន្តការនៃកិច្ចសហប្រតិបត្តិការ បទដ្ឋានបច្ចេកទេស និងច្បាប់ គឺជាធាតុផ្សុំសំខាន់ដែលមន្ត្រីអនុវត្តច្បាប់ត្រូវការជាចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿននៃបច្ចេកវិទ្យា ប្រភពហិរញ្ញវត្ថុ និងបច្ចេកទេសនៃឧក្រិដ្ឋជន បានធ្វើឲ្យបទល្មើសបច្ចេកវិទ្យាថ្មីៗ ប្លែកៗកើតមានឡើងជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យការបង្ការបង្ក្រាប និងកិច្ចការស្រាវជ្រាវកាន់តែលំបាកទៅៗ។ បើទោះបីជាយ៉ាងនេះក្តី ដើម្បីកសាងនូវយន្តការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាថ្នាក់ជាតិ និងតំបន់ អ្នកជំនាញអាចធ្វើការដោះស្រាយសមីកាបទល្មើស ឈរលើមូលដ្ឋាននៃឧក្រិដ្ឋវិទ្យា (Criminology) ដែលមានធាតុផ្សុំចម្បងចំនួន៣គឺ៖
– ការសិក្សាលើបទដ្ឋាន បទបញ្ញាតិ និងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា (កម្ពុជាប្រើប្រាស់ក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធមួយចំនួន)
-ការសិក្សាពីប្រភពឬសគលនៃបទល្មើស និងឧក្រិដ្ឋជន
-ការសិក្សាលើយន្តការគ្រប់គ្រង និងការស្តាស្ថានភាពបទល្មើស (ជនរងគ្រោះ និងឧក្រិដ្ឋជន)។
ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕