ជនត្រូវចោទចំនួន៤នាក់ត្រូវបានឃុំខ្លួន ពីបទឆបោកនិងសម្អាតប្រាក់

បញ្ជូនជនដែលត្រូវចោទចំនួន៤នាក់ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកាបង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់

(រាជធានីភ្នំពេញ)៖ តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជារពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ សុីណារឹទ្ធ អគ្គស្នងការរងទទួលផែនសន្តិសុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ១-ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា ៤-ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី ” ឆបោក និងសម្អាតប្រាក់“ នាំមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

រូបភាពពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេសនិងជនបរទេសក្រៅប្រទេស អោយផ្ញើប្រាក់មកអោយខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើនិងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗដែលមានក្បាលម៉ាស៊ីនដឹកនាំនិងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យនិងបើកអាជីវកម្មផ្សេងៗដើម្បីទៅបំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក ។

រូបភាពពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

បច្ចុប្បន្នជនដែលត្រូវចោទទាំង០៤នាក់ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់អោយឃុំខ្លួន និងអោយភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សូមអរគុណ!

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version