រកឃើញអ្នកឈ្នះការប្រកួត ​Cambodia CTF Challenge 2022

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៏ ២កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០២២ (Cambodia CTF Challenge 2022) ក្រោមអធិបតីភាព លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវសន្តិសុខសាយប័រនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology – CADT) និងជាប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយដោយ SalaCyber និងក្រុមហ៊ុន Technovage  ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង CADT ក្នុងគោលបណងដើម្បីជំរុញលើកកម្ពស់បញ្ជ្រាបការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដោយកម្មវិធីមួយនេះត្រូវបានប្រារព្ធឡើងពេញមួយថ្ងៃ និងមានបេក្ខជនចូលរួមប្រកួតប្រជែងចុងក្រោយជាង ១០០នាក់ ដែលត្រូវបានជ្រើសរើសក្នុងការជម្រុះក្នុងចំណោមបេក្ខជន ៣០០នាក់។

ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយថ្ងៃពេញ កម្មវិធីក៏បានរកឃើញបេក្ខជនជាប់ជ័យលាភី៣រូប គឺលេខ១ បានទៅលើបេក្ខជន ហាក់ វិទូ លេខ២ បានទៅលើបេក្ខជន សាម៉ាន់ សុខពិសិទ្ធិ និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន ដួង កែវពិទូ៕

រូបភាពសកម្មភាព

Exit mobile version