អ្នកជំនាញពន្យល់ពីលទ្ធផលនៃការស្កេន ​QR Code នៃ ​STOP COVID របស់រាជរដ្ឋាភិបាល

ក្រោយពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញកម្មវិធី STOP COVID តាមរយៈការស្កេនទៅលើ QR Code រួចមក មកដល់ត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០ នាទីល្ងាច មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១២០,៧៦៣ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ៦,៦១៧,៣៥៤ ដង (ព័ត៌មានពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ក៏ប៉ុន្តែមកទល់ពេលនេះ នៅមានសាធារណៈជនទូទៅមួយចំនួន នៅមានមន្ទិលនៅឡើយអំពីលទ្ធផលនៃការស្កេនទៅលើ ​QR Code តើមានអត្ថន័យដូចម្តេច?

សូមស្តាប់ប្រសាសន៍ពន្យល់របស់ឯកឧត្តមអគ្គនាយកនៃក្រសួងប្រសណីយ៍ និងទូរគមនាគមន៍ដូចខាងក្រោម៖

ដើម្បីកាន់តែច្បាស់អំពីបញ្ហានេះ លោក ចាន់ទី សុធី ជាយ៉ាងជំនាញក្នុងវិស័យបច្ចេកវិទ្យាបានសរសេរបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់លោក ថា៖ មានប្រជាជនជាច្រើនបានចោទជាសំណួរថា តើម៉េចបានគ្រាន់តែស្កេនអាចដឹងថាមានកូវីដ១៩ឬអត់ បៃតង លឿង ឬក្រហម? ក្រែងទាល់តែយកសំណាកបានដឹងតើ? ខ្ញុំសូមចូលរួមចំណែកចែករំលែកចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងព័ត៌មានខ្លះៗអំពីការស្កេននេះដែលខ្ញុំទទួលបានមួយចំនួន។ ក្នុងករណីធម្មតាដែលយើងពុំមានជាប់ពាក់ព័ន្ធនឹងអ្នកជម្ងឺកូវីដ១៩ យើងប្រកដជាស្កែនទៅចេញពណ៌បៃតងដែលបញ្ជាក់ថាយើងមានស្ថានភាពធម្មតា។

សំណួរសួរថាតើពេលណា ទើបយើងស្កេនចេញជាសញ្ញាពណ៌លឿង ។ ចម្លើយគឺនៅពេលដែលអាជ្ញាធរបានរកឃើញអ្នកជម្ងឺកូវីដ-១៩ ណាម្នាក់ ហើយក្រោយពីការសាកសួរព័ត៌មាន ឬវិភាគទៅលើទិន្នន័យ យើងអាចជាអ្នកប៉ះពាល់ដោយប្រយោល ។ ក្នុងករណីនេះ អាជ្ញាធរនឹងទាក់ទងមកជួបយើងដើម្បីធ្វើវិភាគលើសំណាក ។ ក្នុងករណីដែលវិភាគទៅយើងមានវិជ្ជមាន ស្ថានភាពរបស់យើង និងប្តូរទៅជាពណ៌ក្រហម ហើយត្រូវបានគេយកទៅមន្ទីរពេទ្យ ។ ក៏ប៉ុន្តែប្រសិនបើលទ្ធផលវិភាគទៅឃើញថា អវិជ្ជមាន យើងនឹងត្រូវគេកំណត់ថាពណ៌លឿង ។

ពណ៌លឿងនេះនឹងប្រែក្លាយមកជាពណ៌បៃតងវិញនៅពេលដែល ការធ្វើសំណាកលើកទី២ ក្នុងរយៈពេល ១៤ ថ្ងៃក្រោយបញ្ហាញថាយើងអវិជ្ជមានដដែល ។

បញ្ជាក់ថា ក្នុងដំណាក់កាលដែលយើងចេញពណ៌លឿងនេះ អាជ្ញាធរតម្រូវឱ្យយើងធ្វើចត្តាឡីស័កខ្លួនឯង ។ ដោយសារគាត់មានពណ៌លឿង គាត់មិនមែនជាអ្នកផ្ទុកកូវីដ-១៩ នៅឡើយទេ ហេតុដូច្នេះហើយ ប្រសិនបើករណីគាត់ដើរចេញក្រៅ ក្រសួងបានផ្តល់សិទ្ធឱ្យម្ចាស់ទីតាំងជាអ្នកសម្រេច ថាឱ្យគាត់ចូល ឬមិនឱ្យចូល ។ ជាឧទាហរណ៍ ដូចយើងបានឃើញកន្លងមកហើយ នៅភូមិមួយមានគ្រួសារមួយមានផ្ទុកជម្ងឺកូវីដ-១៩ ហើយអាជ្ញាធរបានយកសំណាកអ្នកភូមិជាច្រើនដែលមានផ្ទះអ្នកដែលមានជម្ងឺកូវីដ-១៩ ។ អ្នកភូមិទាំងនោះហើយ ដែលគេកំណត់ថា គាត់មានពណ៌លឿង ។

សំណួរមួយទៀត សួរថា ប្រសិនបើគាត់មានពណ៌លឿង តែពេលគាត់ស្កែនគាត់យកលេខទូរស័ព្ទមួយថ្មីទៀតតើចេញពណ៌បៃតងមែនទេ? ចម្លើយគឺប្រាកដជាចេញពណ៌បៃតង ព្រោះលេខទូរស័ព្ទថ្មីនោះគឺពុំទាន់បានកំណត់នៅក្នុងថាជាបុគ្គលសង្ស័យនៅឡើយទេ ។ ក៏ប៉ុន្តែ អ្នកនោះត្រូវយល់ថា នេះគឺជាអំពើគេចវ៉េសដោយចេតនា ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងសុខភាពសាធារណៈ ដែលច្បាប់នឹងធ្វើការពិន័យជាប្រាក់ និងជាប់គុក ។

យើងត្រូវគិតខ្លួនយើងថា តើវាសាកសមទេដែលយើងត្រូវប្តូរការគោរពតាមវិធានការណ៍សុខាភិបាលដែលមានរយៈពេលតែ១៤ថ្ងៃ ជាមួយនឹងការជាប់គុករាប់ខែ ឬដល់ឆ្នាំ? តើការស្កេននេះបានជួយដល់ប្រទេសយើង ក្នុងការប្រឆាំងនឹងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយរបៀបណា? ចម្លើយគឺវាមានភាពងាយស្រួលក្នុងការស្វែងរកបុគ្គលដែលពាក់ព័ន្ធ តាមដានការធ្វើចត្តាឡីស័ករបស់បុគ្គលដែលពាក់ព័ន្ធ ។ ដូច្នេះយើងគ្រប់រូប គួរតែចូលរួមក្នុងការស្កេននេះឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅតាម ។ ការចូលរួមនេះវាជារឿងបន្តិចបន្តួចមែន ក៏ប៉ុន្តែវាមានឥទ្ធិពលធំក្នុងការចូលរួមកំចាត់កូវីដ-១៩ទាំងអស់គ្នា។

ទាញយកឯកសារសម្រាប់ផ្សព្វផ្សាយ

អ្នកទាំងអស់គ្នា អាចធ្វើការទាញយកផ្ទាំង Poster សម្រាប់ធ្វើការបោះពុម្ព មានដូចខាងក្រោម៖

Exit mobile version