តើអ្នកគិតថាអ្នកពិតជាគ្មានអ្វីដែលហេគឃ័រលួចមែនទេ?

បច្ចេកវិទ្យាពិតជាធ្វើឱ្យជីវិតរស់សព្វថ្ងៃមានភាពងាយស្រួលណាស់។ ជាការពិត ភាពងាយស្រួលរបស់អ្នកប្រើប្រាស់នាំឱ្យមានការច្នៃប្រឌិតថ្មីក្នុងបច្ចេកវិទ្យាឌីជីថលនេះ។ កាវិវត្តន៍ពីទូរស័ព្ទឆ្លាតវៃទៅកាន់ “Internet of Things​ (IoTs)” យើងកាន់តែខិតខំប្រឹងប្រែងរស់នៅតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាញអ៊ីនធឺណិត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ពីអ្វីដែលអាចកើតឡើងទេប្រសិនបើព័ត៌មានទាំងអស់ដែលអ្នកដាក់លើអ៊ីនធឺណិតធ្លាក់ចូលក្នុងដៃរបស់មនុស្សអាក្រក់?

ជនរងគ្រោះនៃឧក្រិដ្ឋកម្មអ៊ីនធឺណិតបាត់បង់ទឹកប្រាក់ 1,42 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017

យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត (Internet Crime Complaint Center (IC3)) របស់សហព័ន្ធស៊ើបអង្កេតឱ្យដឹងថា ជនរងគ្រោះនៃឧក្រិដ្ឋកម្មអ៊ីនធឺណិតនៅឆ្នាំ 2017 រួមទាំងបុគ្គលជាច្រើនដែលទិន្នន័យរបស់ពួកគេត្រូវលួចតាមរយៈមេរោគ Ransomware និងការរំលោភបំពានសន្តិសុខនៅក្នុងចំណោមអ្នកដទៃទៀតគឺបាត់បង់ទឹកប្រាក់ប្រហែលជា 1,42 ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលតែ 1 ឆ្នាំប៉ុណ្ណោះ ប្រាក់ជាង 1 ពាន់លានដុល្លារត្រូវបាត់បង់ដោយសារតែឧក្រិដ្ឋកម្មអ៊ិនធើណេតដូចជាការហេគជាដើម។

អ្នកប្រហែលជាគិតថា អ្នកមានសុវត្ថិភាពពីបញ្ហាបែបនេះហើយ។ អ្នកទាំងឡាយណាដែលក្លាយទៅជាជនរងគ្រោះដោយសារបញ្ហានេះ គឺមកពីមិនបានអនុវត្តទៅតាមការអនុវត្តល្អៗផ្នែកសន្តិសុខ។ ខណៈពេលដែលវាជាការពិតដែលមនុស្សមួយចំនួនងាយនឹងរងគ្រោះដោយសារតែការហេគជាងអ្នកដទៃផ្សេងទៀត ក៏ប៉ុន្តែស្ទើរតែគ្រប់គ្នាអាចរកឃើញថាពួកគេគឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មអ៊ីនធឺណិតនេះ។ នោះហើយជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលថា ហេតុអ្វីបានជាសន្តិសុខអនឡាញ និងអ៊ីនធឺណិតគឺពិតជាមានសារៈសំខាន់ណាស់។

តើអ្វីដែលជំរុញអោយមានឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត?

និយាយឱ្យស្រួលស្តាប់ ប្រាក់ចំណេញគឺជាចលករមួយដែលបានជំរុញឱ្យមានឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ វាមានលុយជាច្រើន ដែលអាចបានតាមរយៈការប្រមូល និងលក់ព័ត៌មានឯកជនទាំងនេះ។ ជួនកាល វាមានតាមរយៈការក្លែងបន្លំអត្តសញ្ញាណ​ (identity theft) ដែលឧក្រិដ្ឋជនលួចព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដើម្បីចំណាយលុយ ឬការប្រព្រឹត្តិឧក្រិដ្ឋកម្មផ្សេងៗ។ ពេលខ្លះ អ្នកមិនអាចចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកបានឡើយ លុះត្រាតែត្រូវបង់ប្រាក់ “លោះ” សម្រាប់ការទាញយកត្រឡប់មកវិញនូវព័ត៌មានរបស់អ្នក (ឬដើម្បីរារាំងការចេញផ្សាយព័ត៌មានទាំងនេះទៅកាន់សាធារណជនទូទៅនោះ)។

ដោយសារតែទីផ្សារសម្រាប់ព័ត៌មានកំណត់អត្តសញ្ញាណជាលក្ខណៈបុគ្គលគឺមានផលចំណេញខ្លាំង ដូច្នេះក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតពិតជាត្រូវការខ្លាំងមែនទែន។ ពួកគេប្រើប្រាស់យុទ្ធសាស្រ្តផ្សេងៗគ្នាដើម្បីទទួលបានព័ត៌មានជាច្រើនដូចជា៖

• ពាក្យសម្ងាត់គណនី
• ការចូលប្រើប្រាស់ឈ្មោះរបស់គណនី
• ព័ត៌មានសម្រាប់បើកគណនីធនាគារក្លែងក្លាយ
• លេខសំគាល់សង្គម (Social Security Number) ឬលេខអត្តសញ្ញាណប័ណ្ណ នៃបុគ្គលិករបស់អ្នក

ពត៌មានដែលត្រូវគេលួចបានតាមវិធីមួយចំនួន។ វាអាចត្រូវទាញចេញពីឧបករណ៍ចល័តតាមរយៈកម្មវិធីមេរោគ ឬវាអាចត្រូវទាញដោយផ្ទាល់ពីអ៊ីម៉ែល និងគណនីផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នក។ ការរក្សាទុកទិន្នន័យអាជីវកម្មរបស់អ្នកឱ្យមានសុវត្ថិភាពរួមទាំងរបស់អតិថិជនរបស់អ្នកនោះគួរតែជាអាទិភាពលេខមួយរបស់អ្នក។

តើខ្ញុំអាចរក្សាខ្លួនខ្ញុំឱ្យមានសុវត្ថិភាពពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតយ៉ាងដូចម្តេច?

វាមានវិធានការមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយរក្សាខ្លួនឯងឱ្យមានសុវត្ថិភាពពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ វាហាក់ដូចជាការរំខានមួយ ប៉ុន្តែការចំណាយពេលពីរបីនាទីដើម្បីការពារទិន្នន័យរបស់អ្នកឱ្យបានត្រឹមត្រូវគឺវាមានតម្លៃបំផុត។

ពាក្យសម្ងាត់

ពាក្យសម្ងាត់របស់អ្នកពិតជាមានសារៈសំខាន់ណាស់ចំពោះសន្តិសុខនៅលើអ៊ីនធឺណិត។ វាមិនត្រឹមតែជាការចាំបាច់ដែលអ្នកត្រូវបង្កើតពាក្យសម្ងាត់រឹងមាំនោះទេ ប៉ុន្តែវាចាំបាច់ក្នុងការបង្កើតពាក្យសម្ងាត់តែមួយសម្រាប់សេវាអនឡាញនិមួយៗ (Google, Yahoo, Facebook, …) ដែលអ្នកចូលប្រើប្រាស់ និងឧបករណ៍នីមួយៗដែលអ្នកមាន។ អ្វីដែលជារឿងអាក្រក់បំផុតគឺការប្រើប្រាស់ពាក្យសម្ងាត់ដដែលៗសារជាថ្មី។

ចូរស្រមៃថា ហេគឃ័របានហេគចូលទៅក្នុងប្រអប់អ៊ីម៉ែលរបស់អ្នក ហើយអាក់សេស (access) អ្វីៗទាំងអស់ដែលមានក្នុងនោះ។

សូមគិតអំពីប្រអប់ទទួលសាររបស់អ្នក និងពិចារណាព័ត៌មានដែលវាមានក្នុងនោះ។ តើអ្នកធ្លាប់ផ្ញើអ៊ីម៉ែល ឬទទួលលេខទូរស័ព្ទនរណាម្នាក់ដែររឺទេ? តើអ្នកធ្លាប់បានទទួលឯកសារពីធនាគាររបស់អ្នកដែរឬទេ? វាមានសារៈសំខាន់ណាស់ ឧក្រិដ្ឋជននឹងធ្វើការព្យាយាមចូលទៅប្រើគណនីផ្សេងទៀតដោយប្រើពាក្យសម្ងាត់របស់អ៊ឺម៉ែលនេះ។

ការធ្វើបច្ចុប្បន្នភាពសន្តិសុខ

តើអ្នកធ្លាប់មិនអើពើនឹងកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក នៅពេលវាប្រាប់អ្នកថាមានការធ្វើបច្ចុប្បន្នភាពសំខាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកទេ? នេះជាសកម្មភាពទូទៅទៅហើយ – វាពិតជាមានការរំខានណាស់ក្នុងពេលរាវរកអ្វីមួយហើយមានការរារាំងដោយផ្ទាំងលេចឡើង Popup ។ វាជារឿងធម្មតាក្នុងការចុចនៅលើផ្ទាំង “បិទ” និងបន្តនូវសកម្មភាពរបស់អ្នក។

ការខកខានក្នុងការបច្ចុប្បន្នភាពឧបករណ៍របស់អ្នកអាចធ្វើឱ្យប្រព័ន្ធរបស់អ្នកមានគ្រោះថ្នាក់។ ការធ្វើបច្ចុប្បន្នភាពសន្តិសុខត្រូវដាក់អោយដំណើរការដោយសារភាពងាយរងគ្រោះមួយត្រូវបានរកឃើញនៅក្នុងប្រព័ន្ធរបស់វា ហើយការតំឡើង Patch ត្រូវតែធ្វើដើម្បីបិទទៅលើភាពងាយរងគ្រោះនោះ។ ការបរាជ័យក្នុងការធ្វើបច្ចុប្បន្នភាពនេះមានន័យថា ភាពងាយរងគ្រោះទាំងនោះត្រូវគេស្គាល់ និងបើកចំហចំពោះគ្រប់ឧក្រិដ្ឋជនអ៊ីនធឺណិតដែលរកឃើញវា។

ការផ្ទៀងផ្ទាត់ពីរជាន់ ឬពីរស្រទាប់

ជាចុងក្រោយត្រូវប្រាកដថា អ្នកបើកដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជាន់នៅពេលណាដែលអាចធ្វើទៅបាន ដើម្បីជួយរក្សាព័ត៌មានរបស់អ្នកអោយមានសុវត្ថិភាព។ នេះគឺជាការបន្ថែមស្រទាប់សុវត្ថិភាពមួយទៀត រវាងគណនីផ្ទាល់ខ្លួនរបស់អ្នក និងមនុស្សដែលចាប់អារម្មណ៍ក្នុងការធ្វើអាក្រក់ដាក់អ្នក។ វេបសាយ និងសេវាកម្មជាច្រើនផ្តល់ជូននូវទម្រង់នៃសុវត្ថិភាពនេះ ឬចេញពីអ្នកផ្ដល់សេវាកម្មអ៊ីម៉ែលទៅកាន់វេបសាយធនាគារជាច្រើន ហើយវាគឺជាគំនិតដ៏ល្អក្នុងការប្រើប្រាស់វា។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញនូវសេចក្តីណែនាំអំពីវិធីសាស្ត្រក្នុងការដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជាន់នៅក្នុង​ Gmail ដែលអ្នកទាំងអស់គ្នាអាចចូលទៅអានបាន៕

Exit mobile version