តើអ្វីទៅជា CISSP?
បើតាម Wikipedia បានឲ្យដឹងថា CISSP គឺជាវិញ្ញាបនប័ត្រឯករាជ្យផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមួយដែលមានឈ្មោះពេញថា Certified Information Systems Security Professional (CISSP) ហើយដំណើរការដោយស្ថាប័នមួយឈ្មោះថា “International Information System Security Certification Consortium ឬ (ISC)2″។
មកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកដែលមានវិញ្ញាបនប័ត្រនេះមានចំនួន 131,180 រូបទូទាំងពិភពលោក នៅក្នុងប្រទេសចំនួន 171 ដែលក្នុងនោះសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេគឺ 84,557 ។ ក្នុងខែមិថុនា ឆ្នាំ២០០៤ វិញ្ញាបនប័ត្រ CISSP ត្រូវបានគេទទួលស្គាល់ក្រោមស្តង់ដារ ANSI ISO/IEC Standard 17024:2003. ។
តើ CISSP ផ្តោតទៅលើអ្វីខ្លះ ?
នៅក្នុងមេរៀនរបស់ CISSP គឺផ្តោតទៅលើមុខងារជំនាញមួយចំនួនពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Information Security)។ ការប្រឡងរបស់ CISSP គឺផ្តោតទៅលើអ្វីដែលគេហៅថា CBK ឬ Common Body of Knowledge។ យោងទៅតាម (ISC)2 បានឲ្យដឹងថា CBK គឺសំដៅទៅលើការប្រមូលផ្តុំនៃប្រធានបទជាច្រើនពាក់ព័ន្ធទៅនឹងអ្នកអាជីពការងារផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅជុំវិញពិភពលោក។ CISSP CBK បង្កើតបាននូវក្របខណ្ឌរួមមួយ (common framework) នៃវគ្គស័ព្ទ (terms) និងគោលការណ៍ (principles) នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលអនុញ្ញាតឲ្យអ្នកអាជីពការងារផ្នែកនេះទូទាំងពិភពលោកធ្វើការជជែកពិភាក្សា និងដោះស្រាយបញ្ហាដោយយោងទៅតាមការយល់ឃើញជារួមដូចគ្នា។
ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ មក ប្លង់មេរៀនរបស់ CISSP គឺមានដូចខាងក្រោម៖
- Security and Risk Management
- Asset Security
- Security Architecture and Engineering
- Communication and Network Security
- Identity and Access Management (IAM)
- Security Assessment and Testing
- Security Operations
- Software Development Security
តើទាមទារឲ្យមានអ្វីខ្លះដើម្បីអាចធ្វើការប្រឡងយកវិញ្ញាបនប័ត្រនេះបាន?
- មានបទពិសោធន៍ការងារយ៉ាងហោចណាស់ចំនួន ០៥ឆ្នាំពេញម៉ោងធ្វើការផ្ទាល់ជាមួយនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទៅលើដូមែនយ៉ាងតិចចំនួនពីរ នៅក្នុង CISSP CBK ខាងលើ។
- បទពិសោធន៍អាចមានការលើកលែងចោល ០១ឆ្នាំ បើសិនជាអ្នកមានសញ្ញាប័ត្របរិញ្ញាប័ត្រ ឬអនុបណ្ឌិតជំនាញខាងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬក៏មានវិញ្ញាបនប័ត្រណាមួយផ្សេងទៀត។
- សម្រាប់បេក្ខជនដែលមិនមានបទពិសោធន៍ ០៥ឆ្នាំខាងលើនេះទេ អាចទទួលបានជាលក្ខណៈ Associate សិននៅពេលដែលប្រឡងជាប់ CISSP examination ហើយដែលមានសុពលភាពចំនួន ០៦ឆ្នាំ។ ក្នុងពេល ០៦ឆ្នាំនេះ បេក្ខជនអាចប្រឹងប្រែងដើម្បី បំពេញឲ្យបាននូវបទពិសោធន៍នានាដែលត្រូវការ ហើយបន្ទាប់មកបញ្ជូនវាទៅកាន់ (ISC)2 ដើម្បីទទួលបានសិទ្ធពេញលេញជា CISSP។
- ត្រូវតែទទួលយល់ព្រមអនុវត្តន៍តាមក្រមសីលធម៌នៃ CISSP (Code of Ethics)
- ឆ្លើយតបទៅនឹងសំណួរនានាពាក់ព័ន្ធទៅនឹងប្រវត្តិរូបសង្ខេប
- ត្រូវស្វែងរកអ្នកដែលមានវិញ្ញាបនប័ត្រ CISSP នេះម្នាក់ដើម្បីធ្វើការអនុម័តទទួលស្គាល់នូវលក្ខណៈសម្បតិ្តរបស់អ្នក