អ្នកដែលប្រើប្រាស់ទូរស័ព្ទ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Andriod អាចត្រូវបានវាយប្រហារដោយគ្រាន់តែទទួលនូវសារតែប៉ុណ្ណោះ នេះបើតាមការ ស្រាវជ្រាវដែលបានបញ្ចេញកាលពីថ្ងៃច័ន្ទម្សិលមិញ។
នេះប្រហែលជាចំនុចខ្សោយមួយដ៏ធំបំផុតចំពោះស្មាតហ្វូនដែលមិនធ្លាប់ត្រូវបានរកឃើញឡើយ។ វាមានផលប៉ៈពាល់ទៅដល់ស្មាតហ្វូនប្រមាណជា ៩៥០លានគ្រឿងទូទាំងពិភពលោក ដែលមានប្រមាណជា ៩៥ភាគរយនៃ Androids ដែលប្រើប្រាស់សព្វថ្ងៃ។
បញ្ហានេះកើតមានឡើងចេញពី ចំនុចដែលទូរស័ព្ទ Andriod ធ្វើការវិភាគនូវសារ (text message) ដែលបានផ្ញើរមក។ ទោះបីជាមុនពេលដែលអ្នកបើក នូវសារក៏ដោយ ទូរស័ព្ទនឹងដំណើរការដោយស្វ័យប្រវត្តិនូវឯកសារដែលបានផ្ញើរមក ដោយរួមមាន រូបភាព សំលេង ឬក៏វិដេអូ។ នេះមានន័យថា ឯកសារដែលមាន ផ្ទុកដោយមេរោគ អាចចាប់ផ្តើមឆ្លងទៅកាន់ស្មាតហ្វូនភ្លាមពេលដែលវាទទួលបានសារ នេះបើតាម ក្រុមហ៊ុន Zimperium បានបង្ហាញ។
វាមិនដូចទៅនឹងចំនុចខ្សោយដែលមាននៅក្នុង iPhone (Apple text hack) ដែលវាបានធ្វើឲ្យទូរស័ព្ទ iPhone គាំង ឬធ្វើឲ្យវា restart ចំនុចខ្សោយមាននៅក្នុង Android គឺវាអាក្រក់ជាងនេះទៅទៀត ពីព្រោះ វាអាចអនុញ្ញាតឲ្យអ្នកវាយប្រហារ ធ្វើការគ្រប់គ្រងទាំងស្រុងនូវទូរស័ព្ទរបស់អ្នក, លប់ចោលអ្វីៗទាំងអស់, ចូលទៅកាន់កម្មវិធីណាមួយ ឬក៏បើកកាមេរ៉ាដោយសំងាត់។
ក្រុមហ៊ុន Google បានទទួលស្គាល់នូវចំនុចខ្សោយនេះ ហើយបានធ្វើការប្រកាសថា Android មាននូវយន្តការក្នុងការកំណត់ព្រំដែននៃការជ្រៀតជ្រែកចូលទៅកាន់ប្រព័ន្ធដោយអ្នកវាយប្រហារ ហើយមកដល់ពេលនេះមិនទាន់មានអ្នកវាយប្រហារណាដែលជ្រៀតចូលលើសព្រំដែននោះឡើយ។
ចំណុចខ្សោយនេះ មានផលប៉ៈពាល់ទៅដល់ទូរស័ព្ទស្មាតហ្វូន ដែលធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដែលរួមមាននូវឧបករណ៍ដែលប្រើប្រាស់ Android’s Froyo, Gingerbread, Honeycomb, Ice Cream Sandwich, Jelly Bean, KitKat និង Lollipop ។
ក្រុមហ៊ុន Zimperium បាននិយាយថា ខ្លួនបានធ្វើការជូនដំណឹងដល់ក្រុមហ៊ុន Google កាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅនេះដើម្បីជួសជុលបញ្ហា។ ក្រុមហ៊ុន Google បានឆ្លើយតបត្រលប់មកវិញ ហើយបានសន្យានឹងចេញនូវ patch ក្នុងពេលអនាគត។ ជាធម្មតានៅក្នុងករណីនេះ ក្រុមហ៊ុន បានផ្តល់ពេល ៩០ថ្ងៃ ដើម្បីជួសជុលបញ្ហា។ វាគឺជាការណែនាំដែលក្រុមហ៊ុន Google ខ្លួនឯងក៏ទទួលស្គាល់ផងដែរ។
ប៉ុន្តែវាមានរយៈពេល ១០៩ថ្ងៃមកហើយ ហើយបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយនូវឡើយ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុន Zimperium ធ្វើការបញ្ចេញ ជាសាធារណៈ។