ក្រុមហ៊ុន Kaspersky Lab បានបញ្ចេញព័ត៌មានស្តីពី malware ប្រភេទថ្មីមួយ ដែលអាចឆ្លងចូលទៅក្នុង កុំព្យូទ័ររបស់អ្នក នៅពេលដែលកុំព្យូទ័រនោះ ភ្ជាប់ជាមួយនឹង smartphone ឬក៏ tablet ។ មានកម្មវិធីចំនួនពីរគឺ Super Clean និង Droid Cleaner ត្រូវបានរកឃើញនៅក្នុង Google Play android market។ កម្មវិធីទាំងពីរនេះ គឺតែមួយប៉ុណ្ណោះ គ្រាន់តែផ្លាស់ប្តូរឈ្មោះកម្មវិធីប៉ុណ្ណោះ។
កម្មវិធីទាំងនេះ មើលទៅហាក់ដូចជា កម្មវិធីមួយប្រើប្រាស់សម្រាប់សំអាតអង្គចងចាំ (memory) សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ប៉ុន្តែនៅពេលដែលបញ្ចូល និងដំណើរការ វានឹងបង្ហាញនូវរាល់ processes មួយចំនួនកំពុងដំណើរការ ហើយបន្ទាប់មកទៀតធ្វើការបើកឧបករណ៍សារជាថ្មី (restart device)។ បន្ទាប់ទៀត នៅពីក្រោយខ្នង កម្មវិធីនេះ នឹងធ្វើការទាញយកឯកសារចំនួនបី មានដូចជា autorun.inf, folder.ico, និង svchosts ចូលនៅក្នុងទូរស័ព្ទ។
នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទូរស័ព្ទដៃ android ជាមួយនឹងកុំព្យូទ័រប្រើប្រាស់ Windows ដែលមុខងារ ដំណើរការ Autorun និង Autoplay រួចមក ឯកសារឈ្មោះ svchosts.exe (Backdoor.MSIL.Ssucl.a) នឹងត្រូវបានដំណើរការក្នុងកុំព្យូទ័រនោះ ដោយអ្នកមិនដឹឹងខ្លួនឡើយ។
មុនពេលដែលកម្មវិធីនេះត្រូវបានលប់ចោល ដោយ Google កម្មវិធីទាំងពីរនេះមានអ្នកទាញយកសរុបប្រមាណជា ៦០០០ដង។ មេរោគនេះអាចមានលទ្ធភាព ថតសំលេង ផ្ញើរសារ បើក Wi-Fi ប្រមូលព័ត៌មានពីឧបករណ៍ បញ្ជូនចេញនូវទិន្នន័យដែលមានក្នុង SD Card ទាំងអស់ បញ្ជូននិងលុបរាល់សារ SMS ទាំងអស់ បញ្ជូនចេញរាល់ contacts ទាំងអស់ រូបភាពទាំងអស់ និងទីតាំង GPS របស់លោកអ្នក។