មេរោគ Android អាចលួចយកកូដ ផ្ទៀងផ្ទាត់ 2FA នៅក្នុង Google Authenticator

ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខនិយាយថា មេរោគ Android ឥឡូវនេះអាចទាញយក និងលួចលេខកូដសម្ងាត់ (OTP) តែមួយដងដែលបង្កើតតាមរយៈកម្មវិធី Google Authenticator ដែលជាកម្មវិធីទូរស័ព្ទដែលត្រូវបានប្រើប្រាស់ជាស្រទាប់ការពារពីរជាន់ (2 Factor Authentication ឬ2FA) សម្រាប់គណនីជាច្រើនតាមអុិនធឺណិត។

ក្រុមហ៊ុន Google បានបង្កើតកម្មវិធីទូរស័ព្ទដៃ Google Authenticator ក្នុងឆ្នាំ ២០១០។ កម្មវិធីនេះដំណើរការ ដោយបង្កើតលេខកូដមិនជាន់គ្នា ដែលមានចំនួនចាប់ពី ៦ ទៅ ៨ ខ្ទង់ ដែលអ្នកប្រើប្រាស់ត្រូវតែបញ្ចូលក្នុងទម្រង់ Login ខណៈពេលព្យាយាមចូលប្រើប្រាស់គណនីអនឡាញរបស់ខ្លួន។ បានន័យថា ត្រូវបញ្ចូលឈ្មោះ និងពាក្យសម្ងាត់ រួចដាក់លេខកូដនេះ។

ក្រុមហ៊ុន Google ដាក់ឲ្យដំណើរការកម្មវិធី Authenticator នេះ ជាជម្រើសមួយទៀត ទៅនឹងលេខកូដផ្ញើសារមួយដង (one-time passcodes) ដែលផ្អែកលើសារ SMS។ ដោយសារតែលេខកូដរបស់កម្មវិធីផ្ទៀងផ្ទាត់នេះ ត្រូវបានបង្កើតនៅលើស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ហើយមិនដែលធ្វើដំណើរឆ្លងកាត់បណ្តាញទូរស័ព្ទចល័តដែលគ្មានសុវត្ថិភាពនោះ គណនីជាច្រើនតាមអុិនធឺណិតដែលប្រើលេខកូដផ្ទៀងផ្ទាត់ (Authenticator) ធ្វើជា 2FA ត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងលេខកូដដែលការពារដោយលេខកូដសារ SMS។

នៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយក្នុងសប្តាហ៍នេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខមកពីក្រុមហ៊ុនសន្តិសុខចល័តរបស់ប្រទេសហូឡង់ ThreatFabric បាននិយាយថា ពួកគេប្រទះឃើញសមត្ថភាពលួចយកអត្តសញ្ញាណនៃការផ្ទៀងផ្ទាត់ OTP នៅក្នុងគំរូថ្មីរបស់ Cerberus ដែលជាមេរោគ Trojan របស់ប្រព័ន្ធប្រតិបត្តិការ Android ដែលបានចាប់ផ្តើមនៅខែមិថុនាឆ្នាំ ២០១៩

ក្រុម ThreatFabric និយាយថា“ ការរំលោភបំពានលើសិទ្ធិក្នុងការចូលប្រើប្រាស់ មេរោគ Trojan ឥឡូវនេះក៏អាចលួចយកលេខកូដផ្ទៀងផ្ទាត់ 2FA ពីកម្មវិធីរបស់ Google Authenticator ផងដែរ” ។ ពួកគេបន្ថែមថា “នៅពេលកម្មវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវកំពុងដំណើរការនោះ មេរោគ Trojan អាចទទួលមាតិកានៃ Interface ហើយអាចបញ្ជូនវាទៅម៉ាស៊ីនមេ [បញ្ជានិងត្រួតពិនិត្យ]” ([command-and-control] server) ។

ThreatFabric និយាយថា មុខងារថ្មីនេះមិនទាន់មានវត្តមាននៅក្នុង Cerberus version ដែលត្រូវបានផ្សព្វផ្សាយ និងដាក់លក់នៅលើវេទិកាហេគ (hack forum) ជាច្រើនថែមទៀត។ អ្នកស្រាវជ្រាវនិយាយថា “យើងជឿជាក់ថាភាពខុសគ្នានៃ Cerberus នេះនៅតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ប៉ុន្តែប្រហែលជានឹងត្រូវចេញផ្សាយឆាប់ៗនេះ” ។

សរុបមក ក្រុមការងារ ThreadFabric ចង្អុលបង្ហាញថា បច្ចុប្បន្នមេរោគធនាគារ Trojan Cerberus មានភាពជឿនលឿនកម្រិតខ្ពស់មែនទែន។ ពួកគេនិយាយថា មេរោគ Cerberus ឥឡូវនេះរួមបញ្ចូលទាំងទំហំនៃលក្ខណៈដូចគ្នា ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុងមេរោគ Trojans សម្រាប់បញ្ជាការចូលពីចម្ងាយ (RATs) ដែលជាប្រភេទមេរោគកម្រិតខ្ពស់នោះ។

មេរោគ RAT ទាំងនេះអនុញ្ញាតឱ្យប្រតិបត្តិកររបស់មេរោគ Cerberus អាចបញ្ជាការភ្ជាប់ពីចម្ងាយទៅនឹងឧបករណ៍ដែលមានមេរោគ ការប្រើប្រាស់នូវព័ត៌មានសម្ងាត់របស់ធនាគារ របស់ម្ចាស់គណនីដើម្បីចូលប្រើប្រាស់គណនីធនាគារតាមអុិនធឺណិត ហើយបន្ទាប់មកប្រើប្រាស់មុខងារនៃការលួចនៃកម្មវិធីផ្ទៀងផ្ទាត់ Authenticator OTP ដើម្បីផ្ទៀងផ្ទាត់ការការពារ 2FA លើគណនីនេះ – ប្រសិនបើមាន។

អ្នកស្រាវជ្រាវ ThreatFabric ជឿជាក់ថា មេរោគ Cerberus trojan ភាគច្រើននឹងប្រើមុខងារនេះដើម្បីចៀសវាងការការពារ 2FA ដែលមានមូលដ្ឋានលើកម្មវិធី Authenticator នៅលើគណនីធនាគារតាមអុិនធឺណិតជាច្រើន ទោះជាយ៉ាងណាក៏ដោយ វាគ្មានអ្វីរារាំងដល់ពួកហេគឃ័រពីការលួចយកលេខសំងាត់ 2FA លើប្រភេទគណនីផ្សេងទៀតទេ។ នេះរួមបញ្ចូលទាំងប្រអប់ទទួលអុីម៉ែល ឃ្លាំងសរសេរកូដ (coding repositories), គណនីបណ្តាញសង្គមអុិនធឺណិត និងផ្សេងៗទៀត៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Exit mobile version