5G និងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

ការដាក់ឱ្យប្រើនូវបណ្តាញទូរស័ព្ទចល័តជំនាន់ទី៥ (5G) ដែលផ្តល់នូវសក្តានុពលសម្រាប់ការទាញយកលឿនជាង ១០ដង លឿនជាងសព្វថ្ងៃនេះ នឹងផ្លាស់ប្តូររបៀបដែលយើងទំនាក់ទំនង (communicate), ធ្វើការ (work) និងមើលវីដេអូ (stream video)។

តាមព័ត៌មានពីវេបសាយ Financial Times បានឱ្យដឹងថា កាលណាល្បឿនកាន់តែលឿនក៏វានឹងបង្ហាញអំពីឱកាសសម្រាប់ហេគឃ័រ (hacker) ធ្វើការកំណត់គោលដៅបានកាន់តែច្រើន ហើយបើកការវាយប្រហារកាន់តែធំជាងមុនផងដែរ។

បញ្ហាគឺមិនទំនងពាក់ព័ន្ធទៅនឹងសុវត្ថិភាពនៃបច្ចេកវិទ្យា 5G ខ្លួនវាផ្ទាល់នោះទេ។ ទោះបីជាអ្នកស្រាវជ្រាវបង្ហាញពីគុណវិបត្តិជាក់ស្តែងនៅក្នុងសុវត្ថិភាពរបស់ 5G ដូចជាសមត្ថភាពសម្រាប់អ្នកវាយប្រហារក្នុងការប្រើប្រាស់ស្ថានីយ៍ទូរស័ព្ទចល័តក្លែងក្លាយដើម្បីលួចយកព័ត៌មានក៏ដោយ ការធ្វើកូដនីយកម្មទិន្ន័ន័យ (encryption data) កាន់តែខ្លាំងជាងមុនរបស់ 5G និងការធ្វើឱ្យប្រសើរឡើងនូវការផ្ទៀតផ្ទាត់ទៅលើអ្នកប្រើប្រាស់បណ្តាញ ត្រូវបានគេចាត់ទុកថាជាការប្រសើរឡើងយ៉ាងខ្លាំងលើប្រព័ន្ធ 4G ។

អ្នកជំនាញនិយាយថាចំនុចដែលខ្សោយនៅក្នុងសុវត្ថិភាពរបស់ 5G គឺទំនងជាពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងឧបករណ៍ដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតនោះតែម្តង។

ឧបករណ៍ទាំងនេះដែលត្រូវបានគេស្គាល់ថា Internet of Things (IoT) ដែលអ្វីៗទាំងអស់រាប់ចាប់ពីឡាន និងខ្សែបណ្តាញដំឡើងរោងចក្រ រហូតដល់ឧករណ៍ឃ្លាំមើលទារក (baby monitors) និងភ្លើងចរាចរណ៍ បានបង្កប់ឧបករណ៍ដើម្បីភ្ចាប់ទៅកាន់អ៊ិនធឺណិត ​(internet-connected sensors) – កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនស្រាវជ្រាវ Gartner បានឱ្យដឹងថាចំនួននៃការភ្ជាប់អ៊ីធឺណិតនឹងកើនឡើងពី ១៤,២ ពាន់លានដល់ ២៥ពាន់លាននាឆ្នាំ២០២១ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Gartner ។

នៅពេលដែលឧបករណ៍ IoT ភ្ជាប់ទៅបណ្តាញ 5G ពួកគេអាចក្លាយទៅជាគោលដៅទាក់ទាញសម្រាប់ពួកហេគឃ័រ និងឧក្រិដ្ឋជន។

ក្រុមអ្នកជំនាញបាននិយាយថា សុវត្ថិភាពអាចមានភាពច្របូកច្របល់សម្រាប់ឧបករណ៍ IoT មួយចំនួនជាពិសេសចំពោះឧករណ៍ដែលមានតម្លៃទាប (low-cost) និងថាមពលទាប (low-power)។ ពួកហេគឃ័រ អាចប្រើបច្ចេកវិទ្យាដើម្បីស្កេនឧបករណ៍រាប់សែនរាប់ពាន់សម្រាប់សុវត្ថិភាពទន់ខ្សោយដូចជាលេខសម្ងាត់ “admin” ឬ “guest” ឬ “password” ដែលពួកគេត្រូវបានលក់ភ្ជាប់មកជាមួយនឹងឧបករណ៍។

លោក David Ferbrache ប្រធានផ្នែក Cyber futures នៃក្រុមហ៊ុន KPMG មានប្រសាសន៍ថា “លទ្ធភាពនៃការស្វែងរកឧបករណ៍ IoT ដែលមិនបានតំឡើងត្រឹមត្រូវ ឬមានលេខសម្ងាត់ខ្សោយគឺខ្ពស់ណាស់”។

ឧក្រិដ្ឋជនបានធ្វើការវាយលុកទៅលើឧបករណ៍ IoT រួចហើយ ជាពិសេសគួរនៅក្នុងការវាយប្រហារតាមអ៊ិនធឺណិត “Mirai botnet” ក្នុងឆ្នាំ២០១៦ នៅពេលដែល cameras, routers, និង digital video recorders រាប់ពាន់គ្រឿង ត្រូវបានប្រើដើម្បី វាយប្រហារទៅលើ Twitter, Spotify និង New York Times ។

នៅពេលដែលពួកហេគឃ័រ ឬឧក្រិដ្ឋជនចូលទៅក្នុងឧបករណ៍ដែលភ្ជាប់ទៅនឹងប្រព័ន្ធ 5G ល្បឿនរបស់បណ្តាញ គឺមានន័យថាពួកគេអាចទាញយកព័ត៌មាន រួមទាំងទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានអតិថិជនលឿនជាងមុន។

អ្នកជំនាញនិយាយថា វាក៏មានហានិភ័យផងដែរដែលផ្ទះដែលប្រើប្រាស់ប្រព័ន្ធ 5G អាចងាយរងគ្រោះជាងនេះ ប្រសិនបើកម្មវិធីសុវត្ថិភាពនៃទូរទឹកកក (refrigerator), ឧបករណ៍ផ្តល់សញ្ញាផ្សែង (smoke alarm) និងឧបករណ៍ឆ្លាតវៃផ្សេងទៀតដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត ហើយមិនត្រូវបានធ្វើបច្ចុប្បន្នភាព។

ក្រុមហ៊ុនក៏អាចប្រឈមនឹងការឈឺក្បាលផ្នែកសន្តិសុខផងដែរ ប្រសិនបើនិយោជិកប្រើបណ្តាញ 5G ជាជាងបណ្តាញក្រុមហ៊ុនរបស់ពួកគេដើម្បីបញ្ជូនទិន្នន័យសម្ងាត់។

បើតាមលោក Cesar Cerrudo ដែលជា CTO មកពីក្រុមហ៊ុន ​IOActive បានឱ្យដឹងថា ​បច្ចេកវិទ្យា ​5G គឺនឹងក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវាយប្រហារដែលទទួលបានការឧបត្ថម្ភពីរដ្ឋ ( actors)​ ជាជាងហេគឃ័រធម្មតា ដោយសារតែ​ 5G​គឺជាឆ្អឹងខ្នងនៃបច្ចេកវិទ្យាទំនាក់ទំនងសម្រាប់ប្រទេសភាគច្រើន។

សម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនទូរស័ព្ទឯកជន និងក្រុមអ្នកបច្ចេកវិទ្យាបាននឹងកំពុងធ្វើការយ៉ាងសកម្ម ទៅលើស្តង់ដារសន្តិសុខសម្រាប់ប្រព័ន្ធ 5G និង ​Internet of Things៕

Exit mobile version